ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹងមូលហេតុ គឺឡានសណ្តោងឡានស្ទូច​ ឡើង​ស្ពាន​អ្នក​លឿង​ ដាច់​ខ្សែរអិល​ថយក្រោយ ​បុក​បង្កាន់ដៃស្ពាន​

62

ព្រៃវែង ​៖ រថយន្ត​ ១​គ្រឿង​ បាន​សណ្តោង​រថយន្ត​ស្ទូច​១​គ្រឿង​ ឡើង​ស្ពាន​អ្នក​លឿង​ រួច​ដាច់​ខ្សែ​សណ្តោង ​រអិល​ឡានស្ទូចថយក្រោយ ​មក​បុក​នឹង​បង្កាន់ដៃស្ពាន ​បណ្តាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​ បាក់​ដែក​បំពង់​ទីប​៥​កង់​ ស្មើ​១២​ម៉ែត្រ​ និង​បាក់​ផ្ទាំង​ថ្ម​បេតុង​ចំនួន​២​ម៉ែត្រ​កន្លះ​ កាលពី​យប់​ទៀបភ្លឺ ​ថ្ងៃទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​៤០​នាទី ចំណុច​លើ​ស្ពាន​អ្នក​លឿង​ ត្រើយ​ខាង​កើត​ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាយ ​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃវែង​។​

​នៅ​យប់​ថ្ងៃ​កើត​ហេតុ​គឺ​មាន​រថយន្ត​ស្ទូច​១​គ្រឿង ​ម៉ាក​TADANO​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​៥A,០៥២១​ បាន​ខូច​នៅ​ចំណុច​គល់​ស្ពាន​ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាង​លើ។ ក្រោយមក​នៅមុន​ពេល​កើត​ហេតុ ​ក៏មាន​រថយន្ត​១​គ្រឿង​ទៀត​ មិន​ស្គាល់​ម៉ាក​មក​សណ្ដោង​ឡើង​ស្ពាន ទិសដៅ​ពី​កើត​ទៅ​លិច បាន​ចម្ងាយ​ប្រហែល​៩០​ម៉ែត្រ​ ក៏​ដាច់​ខ្សែ​សណ្ដោង ​ធ្វើ​ឲ្យ​រថយន្ត​ស្ទូច ​រអិល​ថយ​ក្រោយ​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​ បណ្តាល​ឲ្យ​ស្ពាន​អ្នក​លឿង​ ខូចខាត​យ៉ាង​ដំណំ​ ហើយ​អ្នក​បើក​រថយន្ត​ស្ទូច​ និង​ព្រូ​ បាននាំគ្នា​រត់​ឡើង​លើ​រថយន្ត​សណ្ដោង​ ​បើក​គេចខ្លួនបាត់​។ ក្រោយពេល​កើត​ហេតុ​ សមត្ថកិច្ច​ បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​ធ្វើការ​វាស់​វែង​ផង​ដែរ​។

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​ខាង​លើ បង្ក​ការ​ខូចខាត​ស្ពាន ​បាក់​ដែក​បំពង់​ទីប​ដៃស្ពានចំនួន​៥​កង់ ​ប្រវែង១២,៥ម៉ែត្រ​ និង​បាក់​ជញ្ជាំង​ថ្ម​បេតុង​ប្រវែង​២​,៥ម៉ែត្រ​។​

រថយន្ត​បង្ក​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​អូស យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ និង​ជន​បង្ក​មក​ទទួលខុស​ត្រូវ​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង