វិស័យសុរិយោដីជាវិស័យស្មុកស្មាញជាងវិស័យដទៃទៀតនិងកើតមានទំនាស់ច្រើនបើមិនម៉ត់ចត់ទេនោះ
ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖វិស័យសុរិយោដីជាវិស័យស្មុកស្មាញជាងវិស័យដទៃទៀតដូច្នេះមន្ត្រីថ្នាក់មូលដ្ឋានសង្កាត់ ខណ្ឌត្រូវតែម៉ត់ចត់ ច្បាស់លាស់ក្នុងការបំពេញតំរូវការជូនប្រជាពលរដ្ឋ ទាំង១១១មុខងារក្នុងវិស័យសុរិយោដី ហើយបើខ្វះចន្លោះចំណុចណាត្រូវប្រាប់ទៅប្រជាពលរដ្ឋវិញដើម្បីយើងបំពេញជូនបងប្អូនឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេបញ្ហាទំនាស់ដីធ្លីនឹងកើតមានដោះស្រាយមិនចេះអស់។
លោកអភិបាលរងមានប្រសាសន៏ដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការផ្តល់សេវា រដ្ឋបាលលើវិស័យរៀបចំដែនដី នគររូបនីយ៏កម្មនិងសំណង់តាមរយះអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនារសៀលថ្ងៃទី១៤មករា។
លោកហួត ហៃ បន្តថា៖អង្គភាពច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំតែមួយតាមនិតិវិធី សាមញ្ញប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព លុបបំបាត់អំពើពុករលួយ ឬការបង់ប្រាក់ខុសពីច្បាប់កំណត់ និងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលពិបាកក្នុងសុំច្បាប់ មាន លក្ខណៈស្មុកស្មាញត្រូវសុំច្រើនកន្លែង ចំណាយពេលវេលានិងថវិកាច្រើន។
លោក អភិបាលរងក៏បានស្នើសុំឲ្យមានការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងពន្លឿនឯក សាររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហស័៕