ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ឪពុកកូន លោក គង់ គាំ និង លោកគង់ បូរ៉ា បានសិទ្ធិធ្វើនយោបាយវិញហើយ

110


ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី១៥មករា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាឡើងវិញឱ្យឈ្មោះ គង់ គាំ និង គង់ បូរ៉ា ពីរនាក់ឪពុកកូន ដែលត្រូវបានតុលាការកំពូល ចេញដីកាហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល5ឆ្នាំ។ ព្រះអង្គ ក៏ត្រាស់បង្គាប់ឲ្យសម្តេចតឹជោ នាយករដ្ឋមន្រ្តីកម្ពុជា អនុវត្តន៍តាមព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា។

លោកគង់ គាំ បានសរសេរក្នុងផេកហ្វេសប៊ុកថា មិនសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមការអំពាវនាវ (ឃាត់ឃាំង) របស់លោក សម រង្សុី គឺជាការបំផ្លាញខ្លួនឯង។ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ ម្សិលមុិញនេះ ខ្ញុំបានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលោកជួយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទាននីតិសម្បទាធ្វើនយោបាយឡើងវិញមុនកាលកំណត់របស់សាលដីកាតុលាការកំពូល។
ខ្ញុំមានជំនឿយ៉ាងមុតមាំថានឹងបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយតាមបំណងដ៏មុតមាំមូលមាត់រហូតមករបស់ថ្នាក់ដឹកនាំគណបក្ស ឆន្ទៈខ្មែរ ខ្ញុំនឹងទៅទទួលឋានៈជាទីប្រឹក្សារបស់គណបក្ស ឆន្ទៈខ្មែរជាក់ជាមិនខាន។
ជាអ្នកដឹកនាំ (កម្លាំងនយោបាយ) ត្រូវដឹង យល់យ៉ាងសុីជម្រៅពីបរិយាកាស និងជម្រើសសម្រាប់កាលៈទេសៈនីមួយៗ។
មានភ្នំពេញប៉ុស្តិ៍ជាសាក្សី (មុនឆ្នាំ២០១៦ មុនCNRPត្រូវរំលាយ មុនមេដឹកនាំCNRPបាត់បង់ទាំងស្រុងសិទ្ធសេរីភាពដោយអំណាចតុលាការ) ខ្ញុំ គង់ គាំ មានយោបល់ថា ការរួបរួមគ្នាជា “គណបក្សថ្មីមួយ” ដើម្បីត្រៀមចូលរួមការបោះឆ្នោត (ប្រាំឆ្នាំម្តងជាទៀងទាត់) តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតាមស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា គឺជាជម្រើសតែមួយគត់។
សូមគោរពសរសើរគណបក្ស ឆន្ទៈខ្មែរ ដែលមិនទុកអោយឱកាសកន្លងផុតដោយគ្មានផ្តល់ឱកាសថ្មីសម្រាប់អតីតសកម្មជននយោបាយ និងផ្តល់ជម្រើសថ្មីសម្រាប់អ្នកគាំទ្រ សម្រាប់ប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរជាវិជ្ជមាននៅពេលបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
សោកស្តាយបំផុត (ដែលពេលនោះមេដឹកនាំអញនិយម ប្រធានចលនា និងក្រុមជក់ខ្យល់បុគ្គលនិយម ជាមួយបក្សពួកជាប់ខ្សែនិយម បានដេកផ្ទះ បានទុកម្រាមដៃស្អាត បានរុញស៊ីក្លូចូលឡាន …គឺលើកអំណាចជូន…សម្លាប់ប្រជាធិបតេយ្យ។
បរាជ័យគ្រប់ជំហ៊ានមិនឆ្អែតទេ ក្រោយពីបោកបញ្ឆោតថាចាំពេលនេះ ចាំពេលនោះ ប្រាកដយ៉ាងនេះយ៉ាងនោះ ។ល។ ម្តងជាសន្និសីទកម្រិតពិភពលោក ម្តងជាវេទិកាសាធារណៈ ប្លន់ឋានៈជាប្រធានស្តីទី (បក្សខ្មោច) ហួចផ្លុំអាគម សម រង្សុី-កឹម សុខា ជាមនុស្សតែមួយ – ទម្លាក់ចោលការចោទប្រកាន់-សងអំណាច-បោះឆ្នោតឡើងវិញ-អន្តរជាតិសង្កេតការណ៍ ។ល។ (សោយក្លិនមិនឆ្អែត-​ទទួលស្នូរ បានខ្យល់)។
ពេលវេលាមានតម្លៃ ខ្ញុំលើកទឹកចិត្ត និងជម្រុញគម្រោងគណបក្ស ឆន្ទៈខ្មែរ ចុះបញ្ជីឈរឈ្មោះបោះឆ្នោតរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខកុំបីខាន។
ពិតជាក្នុងចេតនាល្អ (វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ) បង្កើនសមាជិកក្រុមប្រឹក្សារាជធានីពី ២៤ដល់ ២៧ សមាជិកក្រុមប្រឹក្សាខេត្តពី ២១ ដល់ ២៧ សមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ពី១១ ដល់ ២១ គឺបើកឱកាសអោយគណបក្ស ឆន្ទៈខ្មែរទទួលសម្លេងពីទាំង CPP ហ្វុនស៊ីនបុិច រួបរួមជាតិ និងអតីត CNRP។
សូមអតីតមន្ត្រីជាប់ឆ្នោតរបស់អតីតCNRP អាចទទួលយកអំណាចវិញជាCPPហើយ បោះឆ្នោតគាំទ្រគណបក្ស ឆន្ទៈខ្មែរ ដើម្បីអោយឆ្នាំ២០១៩ មានអំណាចពហុបក្សនៅមូលដ្ឋាន ដើម្បីការឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣ មានអំណាចពហុបក្សនៅព្រឹទ្ធសភា និងរដ្ឋសភាវិញកុំបីខាន។
គង់​គាំ និងគង់ បូរ៉ា (ឳពុក និងកូន) ស្រឡាញ់មាតុភូមិកម្ពុជា គោរពរដ្ឋធម្មនុញ្ញ (ច្បាប់នានា) និងគោរពប្រជាពលរដ្ឋខ្មែរទៀងទាត់ណាស់។
សម រង្សុី ទទួលស្គាល់ថាខ្លួនជាទណ្ឌិត ទើបបានប្រកាសបញ្ចប់សមាជិកភាព និងលះបង់តួនាទីប្រធាន CNRP តើមិនមែនដោយសារអានុភាពច្បាប់របស់ប្រទេសទេឬ?
CNRP ក៏ទទួលស្គាល់ច្បាប់របស់ប្រទេសដែរតើ​ បានជាមិនប្រើរូបសញ្ញាទណ្ឌិត សម រង្សុី-កឹមសុខា ចាប់ដៃគ្នានោះ។
SRP ក៏ធ្វើសមាជប្តូរឈ្មោះទណ្ឌិតសម រង្សុី ចេញទៅជាគណបក្ស ភ្លើងទៀនវិញ គឺដោយសារតែច្បាប់។
គង់ គាំ ដែលបានដកឃ្លានៅឆ្នាំ២០១៥ ដោយហេតុផលសុខភាព រួចបានបញ្ចប់សមាជិកភាព និងតួនាទីប្រធាន SRP និងសុំចូលនិវត្តន៍ពីការងារព្រឹទ្ធសភានៅឆ្នាំ២០១៦ មុនបញ្ចប់នីតិកាល ហើយមិនព្រមឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាតាមការរៀបចំរបស់ CNRP នៅឆ្នាំ២០១៧នោះ គឺខ្ញុំ គង់ គាំ មិនស្ថិតក្នុងរចនាសម្ព័ន្ធ CNRP ទៀតនោះទេ។
គង់ គាំ ជាប់បម្រាមរបស់សាលដីកាតុលាការកំពូលដោយគ្មានហេតុផលជាក់ស្តែង ដូចនេះការទទួលយុត្តិធម៌ ដើម្បីមានសម្បទាធ្វើនយោបាយឡើងវិញ គឺគ្មានពាក់ព័ន្ធ CNRP ទេ។ សូមកុំលាបព័ណ៌ទាំងបំពាន និងមានចេតនាបង្កាច់បង្ខូចតាមមារយាទសពូជអោយសោះ។
ប្រធាន CNRP ដែលរំលាយដោយច្បាប់ ហើយថ្នាក់ដឹកនាំដែលល្មើសសាលដីកាតុលាការកំពូល ប្រើតួនាទី និង CNRP ក្រៅច្បាប់ នាំអន្តរជាតិបំផ្លាញកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាកត្តាដែល គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។ បំរើប្រទេស និងបំរើប្រជាពលរដ្ឋភាគច្រើនមិនបញ្ច្រាសចរន្តទេ។
សមាសភាព (អង់តែន CNRP) លិចធ្លោនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាន និងកំពុងរង់ចាំការចូលស្រុករបស់ “ប្រធានស្តីទី Everywhere” រួចហើយ សូមអ្នកក្លាហានប្រវត្តិសាស្ត្រកុំក្រលាស់សម្តី។ ឆ្លងឆ្នាំថ្មីសកល មិនចូលពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃក្លាហានកាន់តែចុះខ្សោយទៅៗ (រហូតមានឈ្មោះជាមេដឹកនាំនយោបាយកុហក បោកប្រាស់ ក្មានគូរប្រៀបក្នុងប្រវត្តិសាស្ត្រ។
រង់ចាំជួបគ្នានៅសមរភូមិនយោបាយថ្មីដែលលែងជាមិត្តជិតស្និទ្ធ ប៉ុន្តែជាគូបដិបក្សដ៏ខ្លាំងក្លានឹកស្មានមិនដល់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង