ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករ៉ុង ឈុន ខឹងក្រសួងអប់រំកាត់ឈ្មោះពីក្របខ័ណ្ឌ ហៅមន្រ្តីរាជរដ្ឋាភិបាល សុទ្ធតែ “អាមន្រ្តី”

369


ភ្នំពេញ៖ លោករ៉ុង ឈុន និងបក្ខពួក ជាអតីតគ្រូបង្រៀនចំនួន ១០នាក់ នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាអង្គការ មាននិន្ននាការប្រឆាំង ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដើរតាមផ្លូវតវ៉ាយ៉ាងក្តៅគគុកជាមួយក្រសួងអប់រំយុវជននិងកីឡា ទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន​ ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។

លោករ៉ុង ឈុន ជាមនុស្សប្រឆាំងជារៀងរហូតដល់ទីបំផុតនោះ បានសរសេរលើផេកហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៩នេះ ខ្ញុំ និងលោកគ្រូ អ្នកគ្រូ ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ មកដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ។ អតីតគ្រូបង្រៀនដែលក្រសួងអប់រំ កាប់ឈ្មោះចេញពីក្របខ័ណ្ឌនោះ រួមមាន ជុំ ចាន់ , លី ឌី , ខែម ស៊ីថា, យិន ឈូករ័ត្ន, រ៉ុង ឈុន, វង ទុន្នី, បុត មល្លា, ពៀត ម៉ាប់, ហុង សុជា, ច័ន្ទ សុភា និង គង់ ស៊ីវង្ស។

ក្នុងពេលដាក់ពាក្យបណ្តឹងនោះ លោករ៉ុង ឈុន ព្រមានធ្វើបាតុកម្មប្រឆាំង បើសិនជាមិនមានដំណោះស្រាយតាមផ្លូវច្បាប់។ ពិតជាខ្លាំងមែន លោករ៉ុង ឈុន ជាមនុស្សក្រៅក្របខ័ណ្ឌ ក៏បានបង្គាប់បញ្ជាឲ្យតុលាការ ចេញសាលក្រមបដិសេធរបស់ក្រសួងអប់រំចោល និងចេញសាលក្រមមួយទៀត ផ្តល់សិទ្ធិឲ្យក្រុមគ្រូបង្រៀន ។ លោករ៉ុង ឈុន ក៏យកឱកាសនេះ ឆ្លៀតវាយប្រហារទៅរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ ដោយលោកបញ្ជាក់ថា” ដោយសារតែគណបក្សប្រជាជន លោកនាយករដ្ឋមន្រ្តី កូនចៅលោកនាយករដ្ឋមន្រ្តី ធ្វើការបែបនឹងហើយ បានជានាយករដ្ឋមន្ត្រីបាត់បង់ការគាំទ្រ “។ លោកបាននិយាយអូតខ្លួនឯងទៀតថា “ខ្ញុំមានមន្រ្តី មានកម្មករ មានគ្រូបង្រៀនច្រើន ក៏គាត់សម្តែងការមិនសប្បាយចិត្តដែរ ហើយលោកនាយករដ្ឋមន្រ្តីក៏បានបាត់បង់ តាមរយៈ “អា” មន្រ្តីក្រោមឱវាទធ្វើការមិនគោរពទៅតាមនីតិវិធីហ្នឹង “។

ចំណែកបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា លោករ៉ុង ឈុន ត្រូវក្រសួងអប់រំកាត់ឈ្មោះចេញពីក្របខ័ណ្ឌមិនខុសទេ ពីព្រោះបានមាក់ងាយមន្រ្តីរាជរដ្ឋាភិបាល ជាមន្រ្តីក្រសួងអប់រំតែម្តង ដោយហៅសុទ្ធតែ “អាមន្រ្តី”៕

អត្ថបទដែលជាប់ទាក់ទង