ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណី អំពើលួចម៉ូតូ

70

ក្រុងសៀមរាប: ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងករណី អំពើលួច (លួចម៉ូតូ) និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃទី១៧ខែមករាឆ្នាំ២០១៩នេះ បានឲ្យដឹងថា កាលពីវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក បានធ្វើការស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។

ដំណើររឿងហេតុ កាលពីម៉ោង១៣:៤០នាទីថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨ ឈ្មោះ ឃុន ចន្ទី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដាក់ពាក្យបណ្តឹង ប្តឹង ម្ចាស់ការ៉ាសផ្ញើរកង់ម៉ូតូក្នុងវិទ្យាល័យអង្គរ ដែលបានទទួលផ្ញើរម៉ូតូ១គ្រឿងរបស់ គាត់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ស្លាកលេខមិនទាន់បំពាក់ លេខតួ+លេខម៉ាស៊ីន ៥៣៣៧៣៣៤ ហើយធ្វើឲបាត់ម៉ូតូនោះនៅក្នុងការ៉ាសនោះ។

បន្ទាប់មកនៅថ្ងៃទី២ខែមករាឆ្នាំ២០១៩ ម្ចាស់ម៉ូតូឈ្មោះ ឃុន ចន្ទី ភេទស្រី និងឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុស ជាម្ចាស់ការ៉ាសផ្ញើរកង់ម៉ូតូ បានធ្វើការព្រមព្រៀងទិញនិងទទួលយកម៉ូតូ១គ្រឿង ជាសំណងថ្នូរ នឹងបណ្តឹងទាមទារសំណងបាត់ម៉ូតូនោះ។ហើយ ឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ក៏បានដាក់បណ្តឹងបន្តលើជនដែលមិនស្គាល់អត្តសញ្ញាណដែល បានលួចយកម៉ូតូរបស់ជនរងគ្រោះ។

បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង ដឹកនាំដោយ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការចូលរួម ពីម្ចាស់ការ៉ាសផ្ញើកង់ម៉ូតូផងដែរ បានបើកការស្រាវជ្រាវ រហូតឈានដល់ដាក់ការសង្ស័យលើ ជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប និងនាំខ្លួនមកធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រីនួន ស័ក្កិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យ បានហើយ នៅវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក បាននាំជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៃវិទ្យាល័យអង្គរ មកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន ដោយសកម្មភាពនោះគឺខ្លួនគេបានប្រព្រឹត្តតែម្នាក់ឯង មិនមានបក្ខពួកផ្សេងទៀតទេ។ ដកហូតវត្ថុតាង ម៉ូតូមួយគ្រឿង ជារបស់ជនរងគ្រោះ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង