ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៥នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

66


(បន្ទាយមានជ័យ) ៖ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានអំពីករណីខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់ រួមមាន ៖ ១-ឈ្មោះ នៅ ធារ៉ា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកទំនិញ បច្ចុប្បន្នស្នាក់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ផៃ សិដារុន (ហៅ ដា) ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ឥវ៉ាន់តាមអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ឈុន វុត្ថា (ហៅ មាន់) ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ផល សុភារ័ត្ន ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥-ឈ្មោះ ព្រិម ជូស៊ីមិង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន ៖ -គ្រឿងញៀនកេតាមីនទឹក ចំនួន ៣០ដប ស្មើ ៣០០ក្រាម -គ្រឿងញៀនកេតាមីន(ម្សៅម៉ត់) ចំនួន ១១កូនថង់កិប ស្មើ ៨.១ក្រាម -គ្រឿងញៀនអ៊ិខស្តាស៊ីពណ៌ខៀវ រាងត្រីកោណ ចំនួន ៥០គ្រាប់ ស្មើ ២២.០៦ក្រាម -គ្រឿងញៀនអ៊ិចស្តាស៊ីពណ៌ទឹកក្រូច ចំនួន ០៥គ្រាប់ ស្មើ ១.៧១ក្រាម -សំបកដបកេតាមីន ចំនួន ០៣ដប -រថយន្ត ០២គ្រឿង -ម៉ូតូ ០១គ្រឿង -ទូរស័ព្ទដៃ ០៥គ្រឿង -កាបូបលុយ ចំនួន ០១ -កាតចេញ-ចូលផ្សារថៃ ០១សន្លឹក -កូនថង់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត ។ ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តទៅលើសារធាតុញៀន ជនសង្ស័យខាងលើពិតជាបាន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ា ងពិតប្រាកដមែន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ០៥នាក់ខាងលើ បានសារភាពថា ៖ ពួកគេគ្រាន់តែជាអ្នកប្រើប្រាស់ទេ ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន ក្នុងបន្ទប់របស់ពួកគេ ជារបស់ជនជាតិថៃម្នាក់ឈ្មោះ ភីណង (សូមបញ្ជាក់ផងដែរថា ៖ ជនសង្ស័យខាងលើមិនបានបញ្ជាក់ពីអត្តសញ្ញាណជនជាតិថៃច្បាស់លាស់ដល់សមត្ថកិច្ចនោះឡើយ ទាំងនេះគ្រាន់តែជាចម្លើយដោះសាររបស់ជនសង្ស័យតែប៉ុណ្ណោះ ) ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង