កំណើនយានយន្ត និងកំណើនចរាចរលើដងផ្លូវ កើនឡើងជាបន្តបន្ទាប់ ប៉ុន្តែអត្រាស្លាប់ ហាក់ដូចជាថយចុះគួរឲ្យកត់សម្គាល់
ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៨ ដែលជាឆ្នាំទី៣ នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សមាសភាព នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាងអស់ បានប្រមូលផ្ដុំគ្នាអនុវត្តការងារទទួលបានជោគជ័យគួរឲ្យកត់សំគាល់។
ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០១៨ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរបានថយចុះចំនួន៧ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៧ ក្នុងនោះចំនួន អ្នកស្លាប់បានថយចុះ ១ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៧ ចំណែកឯចំនួនអ្នករបួសដោយគ្រោះថ្នាក់ចរាចរថយចុះ ១៤ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៧។
ថ្លែងក្នុងរបាយការណ៍នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការតាក់តែង លិខិតបទដ្ឋានគតិយុត្ត ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយ សុវត្ថិភាព។ កម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋរាយការណ៍អំពីផ្លូវខូច និងផ្លូវជង្ហុកសំបុកមាន់ទៅកាន់ក្រុម ការងារមានសមត្ថកិច្ចដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីទិសដៅបន្តរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំបទដ្ឋានគតិយុត្តបន្ថែមទៀត ការបន្ត យុទ្ធនាការចែកមួកសុវត្ថិភាព ការបំពាក់ផ្លាកសញ្ញា ការបិទចំណាំផ្លាត ការបង្កើតយន្តការទប់ស្កាត់ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការជួសជុលនិងថែទាំផ្លូវ សកម្មភាពនិងយុទ្ធនាការផ្សេងៗទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ទសវត្សរ៍ របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២០។
សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមិទ្ធផលការងារទាំងនោះ រួមមាន ការកែលម្អរយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងដល់មុខសញ្ញាងាយរងគ្រោះ ការកែលម្អរយុទ្ធសាស្រ្តនៃការរឹតបន្តឹងអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតលើមូលហេតុបង្កគ្រោះថ្នាក់ ការបន្តបំពាក់ឧបករណ៍បច្ចេកទេសត្រួតពិនិត្យល្បឿន និងជាតិអាល់កុល ការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត និងយានដ្ឋានជួសជុលកែឆ្នៃយានយន្ត ការកែទម្រង់វិធានការបង្រៀន និងផ្ដល់ប័ណ្ណបើកបរ ការសាងសង់ និងជួសជុលផ្លូវថ្នល់ថ្មី ការបន្តជំរុញសេវាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងកិច្ចការចាំបាច់ជាច្រើនទៀត និងការចូលរួមមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កំណើនយានយន្ត និងកំណើនចរាចរលើដងផ្លូវ កើនឡើងជាបន្តបន្ទាប់ ប៉ុន្តែអត្រាស្លាប់ ហាក់ដូចជាថយចុះគួរឲ្យកត់សម្គាល់។
សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការផ្សព្វផ្សាយ និងការគោរពច្បាប់ចរាចរណ៍ នៅមានកម្រិតនៅឡើយ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ មិនពាក់មួកសុវត្ថិភាព ដូច្នេះសម្តេចក្រឡាហោម សូមអំពាវគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជួយផ្តល់សារអប់រំដល់ពលរដ្ឋឲ្យគោរពច្បាប់។
ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យយន្តការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តជំរុញអនុវត្តតាមទិសដៅ ដែលបានដាក់ចេញ ការពង្រឹងយន្តការបញ្ជាដឹកនាំការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅគ្រប់ថ្នាក់ កែលម្អយន្តការដឹកនាំ និងរបៀបរបបការងារឱ្យមានប្រសិទ្ធភាព កំណត់គោលដៅជាអាទិភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរ ខិតខំដឹកនាំរៀបចំការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានតម្លាភាព។
សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី រាជការ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបំពេញការងារប្រកបដោយ ជោគជ័យកន្លងមក និងបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរ”។
របាយការណ៍បានប្រៀបធៀបការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៣ឆ្នាំចុងក្រោយនេះ ទៅនឹងឆ្នាំ២០១៥ ដែលមិនទាន់មានការរឹតបន្តឹងការអនុវត្តច្បាប់នោះ គឺចាប់ពីឆ្នាំ២០១៦ ២០១៧ ដល់ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរបានចំនួន ១៩៣១លើក កាត់បន្ថយអ្នកស្លាប់ ៧០៦នាក់ និងកាត់បន្ថយអ្នករងរបួសបានចំនួន ៤៥៣១នាក់ ។ ពិសេសជាងនេះទៅទៀត របាយការណ៍ក៏បានបញ្ជាក់ដែរថា កម្ពុជាអាចកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគ និងចំនួនជនរងគ្រោះក្នុងស្ថានភាពដែលយានយន្តមានកំណើនខ្លាំងចំនួន៣០.៨៧ភាគរយ ធៀបនឹងឆ្នាំ២០១៧ ។
ក្រៅពីសមិទ្ធផលដ៏គួរឲ្យកត់សំគាល់ទាំងនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទៀតដែរ ក្នុងរយៈពេលនៃការអនុវត្តពេញមួយឆ្នាំ២០១៨កន្លងទៅ ក្នុងនោះ មានដូចជា គ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការបើកបរធ្វេសប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ ដោយការបើកបរល្មើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្ដាំ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបត់ ជែង និងដឹកលើសទម្ងន់ និងការមិនប្រើប្រាស់មួកសុវត្ថិភាពជាដើម ។ ក្រៅពីនេះ គឺថ្ងៃសៅរ៍ អាទិត្យ ថ្ងៃបុណ្យទាន និងពេលយប់ នៅតែជាថ្ងៃ និងពេលដែលមានគ្រោះថ្នាក់ច្រើន ។
របាយការណ៍បានរកឃើញថា គ្រាន់តែមូលហេតុគ្រោះថ្នាក់ដោយសារតែការមិនគោរពសិទ្ធិ បានកើនឡើងដល់១៩ភាគរយនៅឆ្នាំ២០១៨ ដែលឆ្នាំ២០១៧មានត្រឹមតែ ១៧ភាគរយ អ្នកស្លាប់ភាគច្រើន ជាអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៧៨ភាគរយ ដែលនៅតែប្រហាក់ប្រហែលនិងឆ្នាំ២០១៧ដដែល ។
ក្រៅពីនេះ រថយន្តដឹកកម្មកររងគ្រោះថ្នាក់ចរាចរណ៍បើប្រៀបធៀប និងឆ្នាំ២០១៧ មានចំនួន១៨លើក ថយចុះ៥លើក បណ្ដាលឲ្យមានអ្នកស្លាប់៥នាក់ តែកើន១នាក់ និងរបួសបានថយចុះ៤១៩នាក់ ថយចុះ៤១នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ទាំងនេះនៅតែបណ្ដាលមកពីការបើកបរធ្វេសប្រហែស និងកំហុសលក្ខណៈបច្ចេកទេសយានយន្ត ។ ក្នុងនោះដែរ ដោយសារតែកម្មករមានជីវភាពប្រសើរ ពួកគាត់ក៏ប្រើម៉ូតូកាន់តែច្រើនដែលក៏ជាបញ្ហាប្រឈមថ្មីមួយដែរ ។
របាយការណ៍ឲ្យដឹងទៀតថា សណ្ដាប់ធ្នាប់ចរាចរណ៍នៅតំបន់ទីប្រជុំជន នៅតែមានការកកស្ទះដោយសារតែការលក់ដូរ ការចតយានយន្តល្មើសច្បាប់ ការប្រើប្រាស់ផ្លូវខុសច្បាប់ ឬកំណើនយានយន្តខ្ពស់ក្នុងពេលតែមួយ ។ ជាមួយគ្នានេះ កំណើនយានយន្ត ឆ្នាំ២០១៨ បានកើនដល់ ចំនួន៣០.៨៧ភាគរយ ខណៈអ្នកដំណើរនៅតែខ្លាចប៉ូលីសជាងច្បាប់ នៅតែមានកម្រិតក្នុងការអនុវត្តច្បាប់ និងមហន្តរាយធម្មជាតិបង្កឲ្យមានការខូចខាតផ្លូវដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដដែល ។
ដើម្បីបន្តវឌ្ឍនភាព និងដើម្បីដោះស្រាយការប្រឈមទាំងនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញទិសដៅអនុវត្តបន្តចំនួន៩ចំណុច៖
១ ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំ ការងារសុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ពិសេសរាជធានីខេត្ត និងមូលដ្ឋាន ដើម្បីឆ្លើយតប និងផែនការយុទ្ធសាស្រ្ត បង្កើនការពិនិត្យសភាពការណ៍ និងដាក់ចេញវិធានការណ៍ថ្មីៗក្នុងការបង្កា និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ពិសេសអ្នកជិះម៉ូតូ រថយន្តដឹកកម្មករ ឲ្យបានទៀងទាត់ជាប្រចាំ។
២ បន្តជំរុញការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយតាមគ្រប់រូបភាព។
៣ បន្តជំរុញការរឹតបន្តឹងត្រួតពិនិត្យ ការអនុវត្តច្បាប់ឲ្យបានជាប់ជាប្រចាំប្រកបដោយតម្លាភាព ស្មើភាព ពិសេសផ្ដោតលើម៉ូតូ រថយន្តដឹកកម្មករ ដឹកអ្នកដំណើរទូទៅ និងដឹកទំនិញ។
៤ ជំរុញអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត បន្តជំរុញការត្រួតពិនិត្យកន្លែងបង្រៀនបើកបរ យានដ្ឋានកែឆ្នៃយានយន្ត និងការគ្រប់គ្រងទិន្នន័យ។
៥ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ត្រូវបង្កើនការសហការជាមួយ បសស និងម្ចាស់រោងចក្រ ជំរុញការបង្រៀន និងផ្ដល់បណ្ណបើកបរដល់អ្នកដឹកជញ្ជូនកម្មករ និងពិនិត្យលក្ខណៈបច្ចេកទេសសម្រាប់រថយន្តដឹកអ្នកដំណើរ ។
៦ ជំរុញគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវចាត់វិធានការណ៍រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ទីប្រជុំជន សាលារៀន និងរៀបចំចំណតរយន្តដឹកអ្នកដំណើរ ដឹកទំនិញ និងដឹកកម្មករឲ្យមានរបៀបរៀបរយ ។
៧ សិក្សាអំពីបច្ចេកវិទ្យាជឿនលឿនថ្មីៗ បម្រើដល់សុវតិ្ថភាពចរាចរណ៍ ដូចជាបំពាក់កាមេរ៉ាសុវត្ថិភាព ឧបករណ៍ត្រួតពិនិត្យល្បឿន ជាតិស្រវឹង GPS និងទិន្នន័យយានយន្ត ។
៨ ជំរុញការប្រឡងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
៩ បន្តពង្រឹងយន្តការតាមដានប្រតិកម្មពីសាធារណជន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា៕
ជាទីបញ្ចប់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អង្គការ ជាតិ-អន្តរជាតិ ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង បេសកកម្មថែរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕