ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីសន្លប់ឈុក ឆៃបង្ហាញមុខជាថ្មី

221

ភ្នំពេញ:អ្នកប្រដាល់ថៃឈុក ឆៃដែលទើបតែសន្លប់ដោយសារកែងរបស់អ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សនោះនឹងបង្ហាញមុខជាថ្មីដើម្បីប្រកួតជាមួយអ្នកប្រដាល់កម្ពុជាចាន់ ប៊ុនលាភក្លិបនិរោធន៍មានជ័យលើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១០មិថុនា ។

ឈុក ឆៃជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលទើបតែត្រូវសន្លប់ជាលើកដំបូងលើសង្វៀននៅស្រុកខ្មែរ ។មានអ្នកប្រដាល់ខ្លាំងៗមិនតិចនាក់ទេដែលបរាជ័យក្រោមថ្វីជង្គង់របស់អ្នកប្រដាល់ថៃរូបនេះ ។

ឈុក ឆៃ(Chhuok Chhai)គេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៤ដង ចាញ់១៦ដង ស្មើពិន្ទុ ៣ ដង ។គេមានស្នៀតជង្គង់អស្ចារ្យណាស់តែក្រៅពីជង្គង់គេមិនមានអ្វីគួរឲ្យអស្ចារ្យនោះឡើយ ។

ចំពោះចាន់ ប៊ុនលាភវិញគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ គេមិនសូវបង្ហាញមុខនៅសង្វៀនអាស៊ីអាគ្នេយ៍មែនតែគេប្រកួតនៅសង្វៀននានាស្ទើរតែរាល់សប្ដាហ៍តែម្ដង ។ កែងជាអាវុធដែលអ្នកប្រដាល់រូបនេះចូលចិត្តប្រើដើម្បីបង្ក្រាបគូប្រកួតណាស់តែអ្នកប្រដាល់រូបនេះហាក់ដូចជាឆាប់ស្រុតកម្លាំងបន្តិច ។

ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរនាជាអ្នកឈ្នះនោះទេ ។ ពួកគេសុទ្ធតែមានលទ្ធភាពដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អឡើយ ។

សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ថៃដាវ អ៊ូដន(Dav Oudorn)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ប៊ុនធីជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលវ៉ៃកែង និង ជង្គង់បានល្អតែអ្នកប្រដាល់រូបនេះខ្វះភាពវាងវៃបន្តិចគឺបើគូប្រកួតខ្លាំងគេមិនចេះស្វែងរកចំណុចខ្សោយគូប្រកួតឡើយគឺចិត្តរបស់គេធ្លាក់មកតូចមែនទែនរហូតលែងហ៊ានវាយប្រហារទៀតផង ។ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៨០ដង ចាញ់២១ដង និងស្មើពិន្ទុ ៤ ដង ។

ដាវ អ៊ូដនគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនមាននរណាម្នាក់ដឹងថាតើអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយសូម្បីតែរបៀបវ៉ៃយ៉ាងណាៗនោះក៏មិនមាននរណាដឹងដែរ ។គេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ជ័យជំនះបានទៅសូត្រ ប៊ុនធី ឬ ដាវ អ៊ូដន ?៕

អត្ថបទដែលជាប់ទាក់ទង