នៅលើពិភពលោកយើងនេះ ថ្នាំជក់បានសម្លាប់ពលរដ្ឋប្រមាណ៨លាននាក់ក្នុង១ឆ្នាំ និងសម្លាប់ពលរដ្ឋខ្មែរប្រមាណជិត១ម៉ឺននាក់នៅកម្ពុជា
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញលោកស្រី កែវ សុខពិសី បានបញ្ជាក់ថា ថ្នាំជក់គឺជាផលិតតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ ពាក់កណ្ដាល ស្លាប់មុនអាយុកំណត់ ហើយថ្នាំជក់ក្នុង១ឆ្នាំៗ វាបានសម្លាប់ប្រជាពលរដ្ឋប្រមាណ ៨លាននាក់ នៅលើពិភពលោកនិងជិត១ម៉ឺននាក់នៅកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោកស្រីបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាស្តីអំពីការជក់បារី នៅទីសាធារណៈ ដែលមានការចូលរួម ពីលោក អភិបាលខណ្ឌ ចៅសង្កាត់ មេភូមិ មេក្រុម និងពលរដ្ឋ ជាង២០០នាក់នៅសាលារាជធានីភ្នំពេញ
លោកស្រីបន្តថា តាមលទ្ធផល នៃការស្ទង់មតិយុវជន ពាក់ព័ន្ធទៅនឹងតម្លៃបារី នៅឆ្នាំ២០១៧ បានបង្ហាញថា យុវជនកម្ពុជា៥០% ចង់ឲ្យបារីមានតម្លៃទាប ចាប់ពី៦០០០ រៀលទៅ១ម៉ឺនរៀល និង៥០%ទៀតចង់ឲ្យបារីមានតម្លៃ១ម៉ឺនរៀលឡើងទៅ ដើម្បី ជួយកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការជក់បារីនេះ ។ ប៉ុន្តែទោះជាមានការតំឡើងពន្ធ លើផលលិតផលថ្នាំជក់កន្លងមកក៏ដោយ ក៏កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធ លើផលិតផលថ្នាំជក់ទាបបំផុតនៅក្នុងបណ្ដាប្រទេសអាស៊ានដែរ។ ដូច្នេះការផលិតបារីឲ្យមានតម្លៃទាបគឺអាចឲ្យក្រុមទាំង២នេះគាត់ចាប់ផ្តើមនៅពេលគាត់ញៀនប្រើប្រាស់ដំបូងហើយគាត់អាចក្លាយជាអ្នកញៀនបាន ចឹងនៅពេលប្អូនៗសាកល្បងម៉ាដើមពីរដើមដំបូង អាចធ្វើឲ្យប្អូនញៀនក្លាយជាអ្នកប្រើប្រាស់ទាំងអស់ហើយ ។ ធ្វើម៉េចក្រុមហ៊ុនបារីរក្សាតំលៃឲ្យនៅទាប។ យោងតាមទឡ្ហីករណ៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ការតម្លើង ពន្ធលើផលិតផលថ្នាំជក់ និងធ្វើឲ្យវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកកាត់ បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់និងធ្វើឲ្យកើនចំណូលពន្ធជាតិបានយ៉ាងក្រាសក្រែល។
លោកស្រី កែវ សុខពិសី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមកាត់បន្ថយការ ជក់បារី និងកុំស្រូបផ្សែងបារីពីគេ ដែលនេះជាបញ្ហាប្រឈមមួយ នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារបាត់ បង់ថវិកាគ្រួសារ និងធ្វើឲ្យរបួសរូបរាងកាយ -រងរបួសផ្លូវចិត្ត នៅក្នុងសង្គមជាតិផងដែរ៕