បើកការដ្ឋានស្ថាបនា ផ្លូវចាក់កៅស៊ូ ប្រភេទ DBST និង បេតុង ២ខ្សែប្រវែង១២.៩០០ម៉ែត្រ ជូនជាចំណងដៃប្រជាពលរដ្ឋនៅស្រុកព្រៃឈរ និងនៅកងមាស
កំពង់ចាម៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០១៩ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ បេតុងពីរខ្សែប្រវែង ១២.៩០០ម នៅស្រុកព្រៃឈរ និងនៅកងមាសខេត្តកំពង់ចាម ។
ផ្លូវចាក់កៅស៊ូ ប្រភេទ DBST និង បេតុង ២ខ្សែនេះ រួមមាន៖ ខ្សែទី១មានប្រវែង ៦.០០០ម ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ស្ថិតនៅក្នុង ភូមិមៀន ដល់ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខ្សែទី២ មានប្រវែង ៦.៩០០ ម៉ែត្រ ពីភូមិ ឃ្លោយទី៣ ដល់ផ្លូវជាតិលេខ ៧០ ភូមិអូរកណ្ដោល ឃុំព្រៃក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវ១ខ្សែ នេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺ មានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់វង្សទុកសម្រាប់ កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។
លោក អភិបាលខេត្ត ក៏បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់បណ្តោយផ្លូវកំពុងបើកការដ្ឋាននៅថ្ងៃនេះ សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូនជាដើម។
បន្ថែមពីលើនេះលោក អភិបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពេលបានផ្លូវក្រាលកៅស៊ូស្អាតហើយ សូមនាំគ្នាជួយថែរក្សា ផ្លូវនេះឱ្យបានល្អ ហើយពេល ធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាចាប់ពីទីក្រុងដល់ជនបទ ហើយនៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺផ្លូវចាក់កៅស៊ូ ពីផ្លូវជាតិលេខ ៧ ភូមិមៀន ស្រុកព្រៃឈរ និង ផ្លូវបេតុង ចាប់ពី ភូមិឃ្លោយទី៣ ដល់ផ្លូវជាតិលេខ ៧០ ភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក បណ្ឌិត បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ មានដូចជា ផ្លូវ ទឹក ភ្លើង ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដូច្នេះស្នាដៃរបស់សម្ដេចតេជោបានធ្វើឲ្យយុវជនជំនាន់ក្រោយមានការកោតសរសើរ និងចងចាំជានិច្ចចំពោះការដឹកនាំដ៏ប៉ិនប្រសព្វ ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកលូតលាស់បន្តទៅមុខទៀត៕