បិទ ខារ៉ាអូខេ PRO KTV ក្រោយ បង្ក្រាបបានជនសង្ស័យ៥៨នាក់ និងគ្រឿងញៀនមួយចំនួន ជាលើកទី២
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បាននិយាយថា
អាជ្ញាធរបានសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេ PRO KTV ដែលស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។
នាយឧត្តសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ទីតាំងខាងលើនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទៀតទេ ព្រោះសមត្ថកិច្ចធ្លាប់ង្ក្រាបករណីគ្រឿងញៀនម្តងរួចមកហើយ និងទើបបង្ក្រាបម្តងទៀតនៅយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យទីតាំងដដែលនេះ បើកអាជីវកម្មប្រភេទនេះទៀតឡើយ គឺសម្រេចបិទតែម្តង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។
សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី១៨ខែមករាធ្ឆ្នាំ២០១៩ ពីម៉ោង១២និង១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងអោយជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវព្រះមុន្នីវង្ស( ក្លឹបប្រូ)ផ្ទះលេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម
២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យ៥៨នាក់(ស្រី២៤) ជនជាតិចិន២៩នាក់ ស្រី៥នាក់។ ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់។ ជនជាតិថៃ ០២នាក់ ស្រីជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់។ ជនជាតិកូរ៉េ ០១នាក់ ប្រុស។ ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់។ បែងប្រភេទជនសង្ស័យ គឺអនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។ មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង អ្នកប្រើប្រាស់៥៣នាក់ អ្នកកំដរ ០២នាក់។ចាប់យកវត្ថុតាង អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម ម្សៅគេតាមីន៦,៥៨ក្រាម ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨
ក្រាម។ បញ្ជាក់: វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពូកគេបដិសេធន័ទាំងអស់គ្នា ។
សូមបញ្ជាក់ ទីតាំងខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបម្តងរួចមកហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនមនុស្ស១៧នាក់ (ស្រី៣) ក្នុងនោះ អ្នកជួញដូរ២នាក់ និងអ្នកប្រើប្រាស់១៥នាក់ (ស្រី៣នាក់) និងបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទខេតាមីន ៣០គ្រាប់ និងម៉េតំហ្វេតាមីន ICE ១៨កញ្ចប់តូចទៀតផង៕