ឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធហ្វេសបុក
កណ្តាល៖ សាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក (ប្រាក់តាមប្រព័ន្ធហ្វេសបុក) ដាក់ពន្ធនាគារ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីឆបោក (ប្រាក់តាមប្រព័ន្ធហ្វេសបុក និងវីង) មួយកើតឡើងនៅចំណុចផ្ទះ វីង យីហោ “លាងហួរ” ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បង្កដោយជនសង្ស័យឈ្មោះ ឆេង វីរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាពរប្រាំ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅជាមួយពូមីង នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានធ្វើសកម្មភាពឆបោក ដកប្រាក់តាមវីង ជាប្រាក់របស់ជនរងគ្រោះឈ្មោះ ពៅ មុខរបរលក់ដូរ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានចំនួន២លើក ហើយនៅលើកទី៣ ពេលកំពុងធ្វើសកម្មភាពដកប្រាក់ទៀត ក៏ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមុខកំពូល ចាប់ឃាត់ខ្លួនបានតែម្តង។
មូលហេតុ គឺនៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះបានឆាតតាមហ្វេសបុកជាមួយអ្នកលក់គ្រឿងសង្ហារឹម (ឈើ) ជាអ្នកស្គាល់គ្នា ដើម្បីរកទិញដូចសព្វដង និងបានតថ្លៃគ្នាទៀតផង តែមិនទាន់ត្រូវគ្នា។ ពេលនោះជនសង្ស័យបានលួចហេកចូលហ្វេសបុកអ្នកលក់គ្រឿងសង្ហារឹម(ឈើ) មើល ស្តាប់ការសន្ទនាគ្នា និងបានឆាតមកជនរងគ្រោះដើម្បីលក់គ្រឿងសង្ហារឹម(ឈើ) ដោយឲ្យជនរងគ្រោះកក់ប្រាក់ផ្ញើតាមវីង ពេលនោះជនរងគ្រោះក៏ជឿជាក់ បានផ្ញើប្រាក់ឲ្យពីរដង អស់ប្រាក់ចំនួន៣០០ដុល្លា។
ដោយមានការសង្ស័យជនសង្ស័យ បានទូរស័ព្ទ ទៅអ្នកលក់ឈើ ទើបដឹងថា ចាញ់បោកជនសង្ស័យ ក៏ប្តឹងរាយការណ៍សមត្ថកិច្ច កងរាជអាវុធហត្ថស្រុកមុខកំពូល ហើយផ្ញើប្រាក់ឲ្យជនសង្ស័យជាលើកទីបី ហើយពេលជនសង្ស័យមកដកប្រាក់ ក៏ត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង។
វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃ ១គ្រឿង លុយចំនួន៣០០$។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរួច៕