ឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារខេត្តសៀមរាប ករណីហិង្សាលើប្រពន្ធ និងដុតបំផ្លាញ ផ្ទះសម្បែង
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប សម្រេចឃាត់ខ្លួនបុរសម្នាក់តាមបញ្ជារលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ករណីហិង្សានិងដុតបំផ្លាញផ្ទះខ្លួនឯងបណ្តាលឲ្យឆាបឆេះអស់ទាំងស្រុង។ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ករណីនេះចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តសៀមរាប លោកស្រី គឹម សុគន្ធា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យខាងលើ ពីបទ ហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ឬអនីតិសង្វាសជន។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនិតិជននៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា នគរបាលមូលដ្ឋាននិងនគរបាលជំនាញខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ិន នុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មករ តាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
សូមរម្លឹកថា នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឈ្មោះស៊ិន នុយ ខាងលើផឹកស្រាស្រវឹងរករឿងវាយប្រពន្ធឈ្មោះ កែវ ឡុក អាយុ២៩ឆ្នាំ និងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខូចខាតទាំងស្រុង។ ផ្ទះទំហំ៥ម៉ែត្រ×៧ម៉ែត្រ ជញ្ជាំងស្លឹកត្នោត ក្រាលក្តារ ប្រក់ស័ង្កសី កំពស់ពីដី៥ម៉ែត្រ។
សរុបការខូចខាតទាំងអស់ប្រហែលទឹកប្រាក់ចំនួន៥០០០០០០រៀល(ប្រាំលានរៀល)និងខូចឯកសារសំបុត្រកំណើតកូននិងម្តាយ,ប្តី និងសៀវភៅគ្រួសារ។ ក្រោយនាំខ្លួនឈ្មោះស៊ិន នុយ មកសាកសួរស្រង់ចម្លើយខ្លួនគេបានសារភាពថា ពិតជាបានប្រព្រឹត្តដុតផ្ទះខ្លួនឯងពិតមែន ដោយខឹងប្រពន្ធប្រើសំដីឌឺដងមើលងាយមកលើខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបនាំខ្លួនទៅកាន់តុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែមករានេះ។ ករណីនេះចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តសៀមរាបគឺលោកស្រី គឹម សុគន្ធា បានបញ្ជាឲ្យឃុំខ្លួនជនសង្ស័យខាងលើពីបទ ហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ឬអនីតិសង្វាសជន ៕