ចាប់ទៀតហើយ! គឺចាប់អតីតសកម្មជន គណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ ចំនួន២រូប
ព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា ក្នុងពេលដែលគណៈបញ្ជាការឯកភាពខេត្ត ចុះកាយព្រំការពារដីអនុក្រឹត្យក្បាលឆាយ ស្ថិតនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ មករា ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលអជ្ញាធរអះអាងថា បានរារាំងដល់ប្រតិបត្តិការ របស់សមត្ថកិច្ច ក្នុងការកាយព្រំដី មិនឲ្យមានការចូលកាន់កាប់បន្ត ដីតំបន់ការពារប្រភពទឹកក្បាលឆាយ។
លោក ឆាយ រ័ត្ន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅក្រុមទី៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ តំណាងសហគមន៍ដីធ្លី អតីត
ប្រធានគណបក្សសង្គ្រោះជាតិ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន ក្នុងខណៈអាជ្ញាធរយកគ្រឿងចក្រ ទៅឈួសឆាយដី កំពុងមានទំនាស់ ជាមួយប្រជាពលរដ្ឋនៅភូមិ១ ក្រុម១៨ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋជាង ២០០គ្រួសារ ហើយសមត្ថកិច្ចបានចាប់ឃាត់ខ្លួន សមាជិករបស់សហភាពការងារ របស់លោកអាត់ ធន់ ម្នាក់
ឈ្មោះ ទេព សុផា ទេព សុផា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាសមាជិកសមាគមអភិវឌ្ឍដើម្បីកម្ពុជា ទីលំនៅ ក្រុម១៨ ភូមិ១ សង្កាត់១ ក្រុង- ខេត្តព្រះសីហនុ ។
បើតាមលោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដែលដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើការងារនេះ មានប្រសាសន៍ថា ជនសង្ស័យទាំង២នាក់ អាជ្ញាធរ នឹងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា គណៈបញ្ជាកាឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត ចុះកាយប្រឡាយកំណត់ ហាមឃាត់ មិនឲ្យមានកាប់រានដី យកធ្វើកម្មសិទ្ធិ ដើម្បីការពារប្រភពទឹកក្បាយឆាយ នៅតំបន់ដីអនុក្រឹត្យក្បាលឆាយ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២១ មករា ២០១៩នេះ។ បើតាមលោកស្រ៊ុន ស្រ៊ន់ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងអនុវត្តន៍ផ្លូវច្បាប់ ដោយមិនលើកលែង ទៅលើអ្នកដែលបង្ក ការរាំងស្ទះ ចំពោះចំណាត់ការរបស់អាជ្ញាធរ ក្នុងពេលដែលមានពលរដ្ឋមួយចំនួន បានព្យាយាមតវ៉ាជំទាស់ ទៅនឹងវិធានការនេះ ក៏ដូចជារកការអនុគ្រោះ ពីរដ្ឋបាលខេត្ត ដើម្បីបានកាន់កាប់ដីនៅតំបន់នោះ។
លោកអភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា កន្លងមករដ្ឋបាលខេត្ត អនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានកាត់ឆ្វៀលដី ចេញពីតំបន់ក្បាលឆាយនេះ ជូនជាកម្មសិទ្ធិ ដល់ពលរដ្ឋខ្វះដី រាប់ពាន់គ្រួសាររួចមកហើយ និងប្រកាសដាច់ណាត់ថា មិនមានការធ្វើសម្បទានទៀតទេ ដោយសារតែប៉ះពាល់ ទៅដល់ប្រភពទឹកក្បាលឆាយ ៕