ស្ពានឬស្សី កោះប៉ែន ដែលកំពុងរងការគំរាមកំហែង ដោយសារការកើនឡើងទឹកទន្លេ មេគង្គ
កំពង់ចាម៖នារសៀលថ្ងៃទី 21 ខែមករា ឆ្នាំ 2019 ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញទៅពិនិត្យមើលស្ពានឬស្សី កោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើងទឹកទន្លេ មេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលិចប្រទេសចិន ទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គ មានការកើនឡើងគួរអោយកត់សម្គាល់ ការកើនឡើងនេះតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។
ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ផងដែរថាថ្វីដ្បិតតែ ទឹកទន្លេមេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឬស្សីនេះក៏ពិតមែន តែឯកឧត្តម ក៏បានបញ្ជាឲ្យអ្នកជំនាញការជួសជុលស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ស្របពេលពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកមើល ឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែន ។ ទោះជាការហក់ឡើងនៃទឹកទន្លេរមេគង្គនេះ ឡើងខ្ពស់បន្ទិចមែនតែមិនអាចធ្វើអោយប៉ះពាល់ដល់ការប្រកបរបបចិញ្ចឹមជីវិត របស់បងប្អូននៅតាមដងទន្លេរនោះទេ។
ឯកឧត្តមក៏បានផ្តាំ ផ្ញើដល់ក្រុមអ្នកជួសជុល ស្ពានឬស្សីនេះត្រូវខិតខំធ្វើ អោយហើយដោយយកចិត្តទុកដាក់ខ្ពស់ ពីសុខសុវត្តិភពជាចំបងផងដែរ។