ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤របស់អង្កការចៃកា ចាប់ផ្តើមនៅខែមករា២០១៩ ហើយគ្រោង​បញ្ចប់​នៅ​ខែ​តុលា២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារ

88

ភ្នំពេញ៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទាន

របស់ប្រទេសជប៉ុន តាមរយៈអង្កការចៃកាចាប់ផ្តើមនៅខែមករា២០១៩ ហើយគ្រោង​បញ្ចប់​នៅ​ខែតុលា២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារ ។ គម្រោងនេះមាន៦ ចំណុចសំខាន់ មានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹកជាដើម។

នេះបើតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះថ្ងៃទី២១ មករា២០១៩ ដែលបានចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ពីទីតាំងការដ្ឋាន ដែលត្រូវសាងសង់ការិយាល័យការដ្ឋាន ឃ្លាំង និងទីធ្លាដាក់សំណង់នៅប៉ែកខាងជើងសួនច្បារឬស្សីកែវ។

​    ក្នុងសេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញពាក់ព័ន្ធនឹងជំនួយ​ឥតសំណង​ លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី៤នេះ បើគិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ។ ការ​អនុវត្ត​គម្រោង​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៩ ហើយ​នឹង​គ្រោង​បញ្ចប់​នៅ​ខែ​តុលា ចុង​ឆ្នាំ​២០២១ ហើយគម្រោង​ទាំង​នេះ​ចំនួន៦ចំណុចសំខាន់ ក្នុងនោះរួម​មាន៖ ១. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ៨.២០០​ម៉ែត្រ ក្នុង​សង្កាត់​បឹង​កក់​១ និង​បឹង​កក់​២ នៃ​ខណ្ឌ​ទួល​គោក។  ២. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ២.៨០០​ម៉ែត្រ ក្នុង​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌ​ដូន​ពេញ។ ៣. សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា CDC ជាប់​ដង​ទន្លេ​សាប ។ ៤. ជីក​ដាក់​បណ្ដាញ​លូ​ស្ទាក់​ទឹក​កខ្វក់ ប្រវែង​ប្រមាណ ១.៦០០​ម៉ែត្រ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពី​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក​ក្រោម​ដី ដើម្បី​បូម​ទឹក​កខ្វក់​បញ្ជូន​ទៅ​បណ្ដាញ​លូ​មេ នៅ​ផ្លូវ​លេខ​៧០។ ៥. បំពាក់​របា​មេកានិច​ស្វ័យ​ប្រវត្តិ ដើម្បី​ត្រង​សំរាម​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គម្លង់ ស្ថានីយ​បូម​ទឹក​ផ្សារ​កណ្ដាល និង​ស្ថានីយ​បូម​ទឹក​ផ្សារ​ចាស់ ដែល​បាន​សាងសង់​រួច​ នៅ​ក្នុង​គម្រោង​ជំហាន​ទី​២ ។ ៦. ផ្គត់ផ្គង់​រថយន្ត​បំពាក់​ម៉ាស៊ីន​បូម​ទឹក​ចល័ត ចំនួន​២​គ្រឿង៕
អត្ថបទដែលជាប់ទាក់ទង