អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាង៥០.០០០នាក់ និងមកពីមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី ត្រូវបាន គ.ជ.បទទួលស្គាល់
ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិជាង៥០.០០០នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី ត្រូវបានទទួលស្គាល់ដោយគ.ជ.ប។
គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ ជាផ្លូវការ អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង៥០.០០០នាក់ មកពី៨២ ស្ថាប័ន ក្នុងនោះ មានអ្នកសង្គេតការណ៍អន្តរជាតិ មកពីប្រទេសមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី។ ទន្ទឹមនឹងនោះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យលើពាក្យ ស្នើសុំរបស់អ្នកសង្គេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង៨០០នាក់បន្ថែមទៀត ដើម្បីចូលរួមឃ្លាំមើល ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។ គ.ជ.ប នឹងបញ្ចប់ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ (១០ថ្ងៃមុនថ្ងៃបោះឆ្នោត) ហើយអ្នកសង្កេតការណ៍អន្តរជាតិ បញ្ចប់នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ (៣ថ្ងៃ មុនថ្ងៃបោះឆ្នោត)។ សូមជម្រាប់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទេ៕