លោកគង់គាំ ចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីទី១០ នៃសំណុំរឿង របស់លោកកឹមសុខា
(ភ្នំពេញ)៖ អតីតប្រធានគណបក្សសម រង្ស៊ី លោកគង់គាំ ដែលជាអតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះ ជាតិ បានចូលឆ្លើយបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី២៣មករា ក្នុងនាមជាសាក្សីជុំវិញរឿងដែលជាប់ពាក់ព័ន្ធ នឹងអំពើសង្ស័យក្បត់ជាតិរបស់លោកកឹមសុខា។
លោកគង់ គាំ បាននិយាយថា ខ្ញុំបាន អញ្ជើញផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីក្ជុំវិញសំណុំរឿងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ។
លោក កឹមសុខា ដែលស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងការរង់ចាំសវនាការកាត់ទោសនាអនាគតដ៏ខ្លីខាងមុខនេះ បានរងនឹងការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស។ លោកគង់ គាំ ដែលជាសាក្សីទី១០នៃសំណុំរឿងលោកកឹមសុខា បានប្រាប់អ្នកកាសែតមុនពេលចូល ក្នុងបន្ទប់សាកសួររបស់តុលាការថា លោកនឹង ឆ្លើយបំភ្លឺនូវអ្វីដែលលោកបានដឹងឮអំពីរឿងដែលជាប់ពាក់ព័ន្ធ នឹងរឿងលោកកឹមសុខា ប្រាប់ទៅតុលាការ ។
សូមរំលឹកថា លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)៕