អាជ្ញាធរខណ្ឌទួលគោក ពង្រឹងយ៉ាងខ្លាំងលើការទប់ស្កាត់រថយន្តធំ ចេញ ចូលរាជធានី រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសំអាតបរិស្ថាននៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿនជាអភិបាលខណ្ឌ តែងបានអនុវត្តការងារជាប្រចាំ ពិសេសលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចាប់រថយន្តធំៗចូលរាជធានីខុសច្បាប់ រថយន្តចនមិនមានសណ្តាប់ធ្នាប់និងការសំអាតបរិស្ថាននៅក្នុងមូលដ្ឋានជាដើម។
ជាក់ស្តែងនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ រដ្ឋបាលខណ្ឌទួលគោកបានចាប់ឡាន ដឹកបន្លែ ដែលចត នៅផ្លូវជុំវិញផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរបានចំនួន ២១ គ្រឿងមកធ្វើកិច្ចសន្យា អប់រំ បានរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូទី១និងការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យ នៅលើផ្លូវសហពន្ឋ រុស្សុី រួមនឹងការឃាត់រថយន្តធំចូលរាជធានីភ្នំពេញនៅលើផ្លូវទេព ផនផងដែរ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានមានប្រសាសន៍អោយដឹងនៅល្ងាចថ្ងៃទី២៣ មករា ឆ្នាំ២០១៩នេះថា តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺលោកបានជម្រុញអោយគ្រប់ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ចុះបំពេញការងារអោយបានល្អនិងជាប្រចាំពិសេសលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ។ ចំពោះកិច្ចការងារនេះ សម្រាប់រដ្ឋបាលខណ្ឌទួលគោក យើងបានចុះប្រតិបត្តិការជាប្រចាំ ដូចជាកាលពីថ្ងៃទី២១ មករា ២០១៩ យើងបានឃាត់រថយន្តធំចូលរាជធានីភ្នំពេញបានចំនួន២គ្រឿងនៅលើផ្លូវទេព ផន ខណៈដែលរថយន្តទាំងនេះធ្វើចរាចរលើដងផ្លូវ ខុសម៉ោង ខុសពេល ផ្ទុយពីការណែនាំរបស់រដ្ឋបាលរាជធានី ហើយនៅវេលាម៉ោង២រសៀល ដល់ម៉ោង១៧ ថ្ងៃដដែល គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក៏បានឃាត់ឡានដឹកបន្លែដែលចតមិនមានសណ្តាប់ធ្នាប់ នៅផ្លូវជុំវិញផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរបានចំនួន២១មកធ្វើកិច្ចសន្យា អប់រំផងដែរ ។ ក្រៅពីនេះ យើងបានកាត់ខ្សែកាប្លនៅលើផ្លូវម៉ៅ សេទុង ហើយនៅរសៀលថ្ងៃទី២៣ មករានេះយើងបានសំអាតបរិស្ថាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។
លោក ឯក ឃុនដឿន បានបញ្ជាក់អោយដឹងទៀតថា ចំពោះការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះ នៅពេលយើងចុះរៀបចំម្តងៗ រដ្ឋបាលខណ្ឌទួលគោក តែងធ្វើការអប់រំ ណែនាំប្រជាពលរដ្ឋអោយពួកគាត់ចូលរួមជាមួយអាជ្ញាធរ ពិសេស កុំរំលោភយកចិញ្ជើមផ្លូវ ទ្រូងផ្លូវ ការចូលរួមទុកដាក់សំរាម និងការចូលរួមសំអាតបរិស្ថានទាំងអស់គ្នា៕