ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយ:ពេល០១ខែនេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះ វិហារត្រួតពិនិត្យយានយន្តបាន៤៨២គ្រឿង

153

ខេត្តព្រះវិហារ៖ ក្នុងរយ:ពេល០១ខែនេះ ពោលគឺ
គិតចាប៉ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានត្រួតពិនិត្យយានយន្តបានចំនួន៤៨២គ្រឿង ក្នុងនោះបានរកឃើញយានយន្តចំនួន៧គ្រឿង កែឆ្នៃខុសលក្ខណៈបច្ចេកទេស និង១៣៣គ្រឿងទៀត ដឹកសំពីងសំពោង។ នេះបើតាមការបញ្ជាក់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី២៧ មិថុនានេះ។
លោក សំ លាងទ្រី បានអោយដឹងថា ក្រុមការងារត្រួតពិនិត្យយានយន្ត ខុសលក្ខណៈបច្ចេកទេសខេត្ត ដែលមានមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាលចរាចរណ៍, កម្លាំងកងរាជអាវុធហត្ថ រួមនិងអាជ្ញាធរដែនដី តែងធ្វើសកម្មភាពត្រួតពិនិត្យយានយន្តនានា នៅតាមដងផ្លូវ ពិសេសគឺត្រួតពិនិត្យយានយន្ត ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកលើសទម្ងន់ជាដើម។
លោក ប្រធានមន្ទីរសាធារណការបានបន្ថែមទៀតថា
ការត្រួតពិនិត្យយានយន្ត របស់ក្រុមការងារត្រួតពិនិត្យយានយន្ត ខេត្តព្រះវិហារ គឺធ្វើឡើងស្របតាមច្បាប់ និងការណែនាំរបស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត។
លោក សំ លាងទ្រី បានបញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យ យានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុប៤៨២គ្រឿង ក្នុងនោះ រួមមាន ពិនិត្យឃើញថាត្រឹមត្រូវ១៦៨គ្រឿង រថយន្តត្រូវបានកាត់ទ្រុង៧គ្រឿង រថយន្តដឹកសំពីងសំពោង ១៣៣គ្រឿង ខ្វះឯកសារ១២៥គ្រឿង ដោះរានតក្រោយ២៤គ្រឿង គ្មានស្លាកលេខ២គ្រឿង ស្លាកលេខក្លែងក្លាយ៣គ្រឿង ប័ណ្ណបើកបរក្លែងក្លាយ១នាក់ និងគ្មានប័ណ្ណបើកបរ១៩នាក់។
លោក សំ លាងទ្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេសសុំកុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងការដឹកលើសទម្ងន់ ដែលបង្កឲ្យផ្លូវថ្នល់ឆាប់ខូចខាត៕

អត្ថបទដែលជាប់ទាក់ទង