ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាទ២អាទិត្យរុះរើសំណង់-តូបសាងសង់រំលោភចិញ្ចើមផ្លូវ

92


ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាទ២អាទិត្យ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ អមសងខាងបណ្តោយផ្លូវជាតិលេខ១។ការកំណត់ពេលវេលាអោយ អ្នករំលោភចិញ្ចើមផ្លូវធ្វើការុះរើ ចេញនេះធ្វើឡើង ខណៈពេលដែលអភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត នៅព្រឹកថ្ងៃទី២៤ មករានេះ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាល ដើម្បីផ្សព្វផ្សាយជូនដំណឹង​ ដល់ប្រជាពលរដ្ឋមានទីលំនៅ អមតាមបណ្តោយផ្លូវជាតិលេខមួយ ចាប់ពីចំណុចសង្កាត់វាលស្បូវ។
អភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត បានបន្តអោយដឹងថា ៖ការចុះផ្សព្វផ្សាយជូនដំណឹង នៅព្រឹកនេះក៏មានការធ្វើកំណត់ហេតុ ដើម្បីអោយអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ ធ្វើការផ្តិតមេដៃទទួលដឹងឮ ដោយទុករយៈពេល២អាទិត្យ ដើម្បីធ្វើការរុះរើទីតាំងសាងសង់ និងតូបដាក់លក់រួមទាំងការតសំយ៉ាប់ និងផ្ទាំងស្លាកយីហោផ្សេងៗចេញផងដែរ។ លោកបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងមានវិធានការ រដ្ឋបាលចំពោះអ្នក រំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ នៅក្រោយឱសានវាទចូលមកដល់ ដោយគ្មានការលើកលែងឡើង។ ជាមួយគ្នានោះផងដែរលោក រស់ សុភ័ក្ត ក៏បានសំណូមពរអោយប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើមផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភ័ណភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។ លោកអភិបាលរងខណ្ឌ បានបន្ថែមអោយ ដឹងថាក្នុងនាមជាអាជ្ញាធរ និងបន្តអនុវត្តវិធានការនេះ ជារៀងរហូតដរាបណាអាចរំដោះ យកចិញ្ចើមផ្លូវអមបណ្តោយ ផ្លូវជាតិលេខ១មកវិញទាំងស្រុង។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ធ្នូថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេលមួយខែ ដើម្បីអោយម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឺះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសម្រួលទីតាំងរបស់ខ្លួន អោយបានត្រឹមត្រូវតាមខ្លឹមសារ ក្នុងសេចក្តីណែនាំក៏បានអោយដឹងទៀតថា ក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួម អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្ម ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង