វ៉ាន់ វឿនសង្ឃឹមបន្តឈ្នះ ឯ សេន កុសលចូលខ្លួនជំនួសម៉ន សាម៉េត
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៦មករាអ្នកប្រដាល់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ បានចូលខ្លួនជំនួសម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ដែលដកខ្លួនចេញពីការប្រកួតនេះ ។
សាម៉េតដកខ្លួនចេញបន្ទាប់ពីឆ្លងកាត់បានមួយប្រកួតដោយ ទទួលបានជ័យជំនះលើអ្នកប្រដាល់ថៃយ៉ត វណ្ឌី(Yorth Vandy)ដោយពិន្ទុនោះ ។លោកញាន សុធីអ្នកគ្រប់គ្រង កម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍ បាននិយាយថាជាមួយនឹងការដកខ្លួនថយនេះ ជ័យជំនះមួយប្រកួតដំបូងរបស់សាម៉េតត្រូវប្រគល់ឲ្យសេន កុសល ។
នៅថ្ងៃទី២៦មករានេះកុសលត្រុវប្រកួតជាមួយ អ្នកប្រដាល់ថៃឌឹក គែន(Deuk Ken) ។ឌឹក គែនមិនមែនជាអ្នកប្រដាល់ដែលអស្ចារ្យណាស់ណាទេ មួយប្រកួតដំបូងរបស់គេជួបបរាជ័យតែសម្រាប់ជំនួបលើកនេះមិនទាន់ដឹងថា គេអាចយកឈ្នះកុសលបានឬក៏យ៉ាងណាឡើយ ។
កុសលពេលខ្លះគេវ៉ៃអន់មែនទែនតែពេលខ្លះ គេវ៉ៃបានល្អអត់ខ្ចោះតែម្ដង ។គេជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អតែចិត្តរបស់គេមិនសូវជាធំឡើយ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥០ដង ចាញ់១២ដងនិងស្មើពិន្ទុ២ ដង ។
ចំពោះឌឹក គែនគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៨ដង ចាញ់១២ដង ។សេន កុសលប្រសិនបើគេឈ្នះគេនឹងទទយលបាន៣ពិន្ទុបន្ថែមទៀត ។នរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?
វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែលការប្រកួតដំបូង របស់គេផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី៣នោះកំពុងតែមានជំនឿចិត្តថា គេនឹងបន្តឈ្នះទៀតជាមិនខានឡើយ នៅក្នុងជំនួបជាមួយអ្នកប្រដាល់ថៃយ៉ត វណ្ឌី(Yorth Vandy) ។ វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៦ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។ចំពោះយ៉ត វណ្ឌីគេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៨ដង និងចាញ់៣ដង ។អ្នកប្រដាល់ថៃរូបនេះកណ្ដាប់ដៃធ្ងន់ ឯ វ៉ាន់ វឿនមានកែងនិងជង្គង់រហ័សណាស់ ។នរណាមានសមត្ថភាពរកបាន៣ពិន្ទុ ?