ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសុំឲ្យប្រទេសម្ចាស់ជំនួយ បន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥

89


ភ្នំពេញ៖អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយ ដូចជា អូស្ត្រាលី ស្វីស កាណាដា អង្គការ UNDP បន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ អាជ្ញាធរមីន – Cambodian Mine Action Authority បានផ្សាយថា នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់អង្គការ UNDP មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយមានការអញ្ជើញ ចូលរួមពីតំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន ប្រទេសអូស្ត្រាលី ស្វីស កាណាដា និង អង្គការUNDP ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និងផែនការសកម្មភាពការងារដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសព័ត៌មាន គឺគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩។ សម្រាប់ឆ្នាំ២០១៨ គម្រោងបានបន្តដោះស្រាយលើចំនុចគន្លឹះចំនួន៣ ទី១៖ ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥, ទី២៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងទី៣៖ ការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយរួមបញ្ចូលនូវគម្រោងកាត់បន្ថយផ្ទៃដី តាមរយៈការស្រាវជ្រាវមិនបច្ចេកទេស និងការគូសយកពហុកោណចំការមីនថ្មីៗ។
សម្រាប់ឆ្នាំ២០១៨ ថវិកាប្រមាណ ២.៤៦០.៨៧៧ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា និង UNDP ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ១៧,២១ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

តំណាងដៃគូរអភិឌ្ឍន៍ លោក Nick Beresford នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានអបអរសាទរចំពោះដំណើរការអនុវត្ត ដោយជោគជ័យនូវគម្រោងឆ្នាំ២០១៨ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា អនុវត្តការងារគម្រោងសម្រាប់ឆ្នាំ២០១៩ និងគម្រោងដំណាក់កាលទី៤។ លោក Nick ក៏បានសម្តែងនូវការរីករាយបំផុតចំពោះការចូលរួមចំណែកថវិកាបដិភាគ១០% ជាសាច់ប្រាក់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រួមចំណែកដល់គម្រោង Clearing for Results ដែលកំពុងទទួលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្ត្រី លី ធុជ សន្យាថានឹងប្រើប្រាស់ថវិកាជំនួយឲ្យបានត្រឹមត្រូវបំផុត ឲ្យបានជាប្រយោជន៍ពិតប្រាកដដល់ពលរដ្ឋ។ លោកក៏បានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

សូមជម្រាបថា អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំ Board Meeting ជាមួយប្រទេសម្ចាស់ជំនួយ ស្តីពីគម្រោងដោះមីនដើម្បីលទ្ធផល អនុម័តផែនការថវិកាសម្រាប់ឆ្នាំ២០១៩ និងលើកផែនការសម្រាប់៦ឆ្នាំខាងមុខទៀត ដោយគ្រោងប្រើប្រាស់ថវិកា១៥លានដុល្លារ ពីសហគមផ្តល់ជំនួយ (២០២០ ដល់២០២៥) ហើយកិច្ចប្រជុំនោះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង