ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី

118


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍បន្ទាន់បែបនេះ ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ី ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា “យើងចាត់ទុកថា រាល់សកម្មភាពណា ដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ”។

តាមសេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ហើយប្រកាសថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់ ដែលកងទ័ពត្រូវបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា “កងយោធពលខេមរភូមិន្ទ គោរព និងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន។កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តនូវដីការបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនដែលតុលាការតាមចាប់ខ្លួន។ កងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី។ យើងចាត់ទុកថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ”។

តាមរយៈផេកហ្វេសប៊ុក ឈ្មោះ Sam Rainsy កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោកសម រង្ស៊ី ជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំស្តាប់បញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ខ្ញុំសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ សូមបងប្អូនជនរួមជាតិ និងក្មួយៗម្នាក់ៗ ដែលមានកាំភ្លើងក្នុងដៃ រក្សាទុកកាំភ្លើងនេះ ដើម្បីការពារខ្លួនឯង ការពារប្រជារាស្ត្រ និងការពារទឹកដីប្រទេសកម្ពុជា ដេលជាមាតុភូមិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង