បងប្អូនប្រជាកសិករ ជាង១០០គ្រួសារ ដាំបន្លែធម្មជាតិបានជិត ១៥០០តោន បានចរាចរនៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយបន្លែពីប្រទេស
ភ្នំពេញ៖ បងប្អូនប្រជាកសិករ១៦២គ្រួសារ ក្នុងស្រុកអង្គរធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប អាចដាំដុះបន្លែសុវត្ថិភាពបានចំនួន ១៤៣២តោន ក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការដាំដុះបន្លែសុវត្ថិភាពរបស់កសិករទាំងនោះ គឺមានទាំងខ្នាតតូច និងខ្នាតធំ ដោយអនុវត្តន៍តាមបច្ចេកទេសកសិកម្មល្អ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រជាកសិករក្នុងស្រុកទាំងបីខាងលើដែលស្ថិតក្នុងគម្រោងរបស់មន្ទីរខេត្ត បានដាំដុះបន្លែសុវត្ថិភាពចំនួន៣៦មុខ នៅលើផ្ទៃដីប្រមាណ២២០ហិកតា។ បរិមាណបន្លែសុវត្ថិភាពក្នុងគម្រោងនេះ បានចូលរួមចំណែក១៥ភាគរយ នៃកសិករដាំបន្លែសុវត្ថិភាពទូទាំងខេត្ត ហើយផលដំណាំដែលកសិករប្រមូលបានអាជីវករលក់ដុំ លក់រាយ ទាក់ទងទិញផ្ទាល់ពីម្ចាស់ចម្ការ និងយកទៅលក់នៅតាមបណ្តានានា រួមមានផ្សារសាមគ្គី,ផ្សារដំដែក,ផ្សាររលួស,ផ្សារអង្គ្រង,ផ្សារដើមក្រឡាញ់,ផ្សារចាស់,ផ្សារស្រះស្រង់,ផ្សារព្រះដាក់ខេត្តសៀមរាប និងផ្សារស្រុកស្ទោង ខេត្តកំពង់ធំ ជាដើម។ លោក ទា គឹមសុទ្ធ អះអាងបន្ថែមដូច្នេះ៖«បន្លែសុវត្ថិភាពដែលដាំដុះទូទាំងខេត្ត អាចផ្គត់ផ្គង់តម្រូវការនៅទូទាំងខេត្ត ពិសេសនៅតាមសណ្ឋា គារ ធំៗ និងផ្សារទំនើបបាន៦០ទៅ៧០ភាគរយ ជាមួយតម្លៃល្អប្រសើរ»។
តាមរយៈការដាំបន្លែសុវត្ថិភាព ខេត្តសៀមរាបបានកាត់បន្ថយការនាំចូលបន្លែច្រើនពីប្រទេសជិតខាង ដែលភាគច្រើនជាបន្លែមើម ដូចជាការ៉ុត ដំឡូវបារាំងជាដើម។ លើសពីនេះ វាបានបង្កើនប្រាក់ចំណូលបន្ថែមទៅដល់ប្រជាកសិករក្នុងខេត្ត,បង្កើនសុខុមាលភាពសាធារជនទូទៅ និងកាត់បន្ថយអ្នកចំណាកស្រុកផងដែរ។ នេះបើតាមលោក ទា គឹមសុទ្ធ៕