ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលឹកដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអនុវត្តសកម្មភាពរបស់ខ្លួន ឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់

83

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ជួបពិគ្រោះយោបល់ ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលកំពុងបំពេញការងារនៅកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បានថ្លែងថា អង្គការមិនមែនរដ្ឋាភិបាលបរទេស ក្នុងស្រុក ត្រូវរួមចំណែក នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងសិទ្ធិនិងកាតព្វកិច្ច ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានក្រើនរំលឹកដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជាដែលមានជាធរមាន។ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន អាចនឹងមានក្តីកង្វល់ ពាក់ព័ន្ធសិទ្ធិសេរីភាព ក្នុងការបំពេញការងាររបស់ខ្លួន នៅមូលដ្ឋា​ន ក្រោមច្បាប់ ស្តីពីអង្គការសង្គមស៊ីវិលថ្មី ត្រូវបានដាក់ឲ្យអនុវត្តន៍ កាលពីឆ្នាំ២០១៥កន្លងទៅ។

លោករដ្ឋមន្ត្រី បានពន្យល់ថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចមានចែង ក្នុងមាត្រា ១ និង មាត្រា ២ នៃច្បាប់នេះ។ ច្បាប់នេះជាការបើកទំព័រសករាជថ្មី នៃភាពជាដៃគូដែលឈរលើមូលដ្ឋាន និងគោលការណ៍​នៃការគោរពគ្នាទៅវិញទៅមក ការគោរពនូវភាពជាម្ចាស់នៃជោគវាសនា ប្រទេសខ្លួន និងអធិបតេយ្យភាពជាតិ នៅក្នុងបរិការណ៍នៃប្រទេសជាតិមួយ ដែលបាននិងកំពុងខិតខំ កសាងនិងពង្រឹងនីតិរដ្ឋ ឧត្តមភាពជាតិ និងវិបុលភាពរបស់ប្រជាជនខ្លួន។ ច្បាប់នេះក៏បានបង្កើតនូវក្របខ័ណ្ឌ និងមូលដ្ឋានគ្រឹះគតិយុត្តិមួយជាក់លាក់ ច្បាស់លាស់សម្រាប់តួអង្គពាក់ព័ន្ធ ងាយស្រួលក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន និងធានាអនុលោមភាព។ ការគោរពបានទាំងស្រុងនូវច្បាប់នេះ នឹងធានាបាននូវប្រសិទ្ធិភាព ស័ក្តិភាព ភាពជឿជាក់ និងនិរន្តរភាពយូរអង្វែងនៃភាពជាដៃគូក្នុង ការរួមចំណែកកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០។

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ខ្ញុំយល់ថា មានតែមូលដ្ឋានច្បាប់និងគតិយុត្តិច្បាស់លាស់ប៉ុណ្ណោះ ដែលជាសសរស្តម្ភ រឹងមាំទ្រទ្រង់ឲ្យកិច្ចសហប្រតិបត្តិការ របស់យើង អាចមានអាយុកាលយូរអង្វែង ប្រកបដោយភាពសុខដុម និងជោគជ័យ។ ច្បាប់នេះ មិនត្រូវបានធ្វើឡើង ដើម្បីរឹតត្បិតអង្គការណាមួយទេ ប៉ុន្តែច្បាប់នេះ នឹងតម្រូវឲ្យអង្គការទាំងអស់ ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់។ អង្គការមិនមែនរដ្ឋាភិបាល កំពុងបំពេញបេសកកម្ម នៅកម្ពុជាទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ ទៅច្បាប់របស់កម្ពុជា ព្រមទាំងចៀសវាងការប្រព្រឹត្តទង្វើខុសច្បាប់មួយចំនួនផងដែរ។ សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះទៀត សូមជៀសវាងជាដាច់ខាតនូវ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមាន ដល់កម្ពុជា យើងលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ ជាដើម។ ទន្ទឹមនឹងនេះ សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធធនាគារដែលស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការចេញដោយធនាគារជាតិ នៃកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ហើយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងនោះ មកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្រ្តាលី ដែលធ្វើការងារលើវិស័យៈ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន៕

អត្ថបទដែលជាប់ទាក់ទង