រូបសំណាក ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន កាត់ខ្សែបូសម្ពោធនៅវត្តសម៉
តាកែវ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រីអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធរូបសំណាក លោកតាព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន នៅវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។
ការសាងសង់រូបសំណាករបស់លោកតាប្រាជ្ញ ឈួនធ្វើឡើងតាមសំណូមពររបស់លោក តាកាលនៅមានជន្មាយុ ដោយសារលោកតាចង់បានរូបសំណាកមួយទុកឱ្យគ្រាន់កូនចៅជំនាន់ ក្រោយស្គាល់ និងគោរពបូជាទុកជាអ្នកប្រាជ្ញមួយរូបផ្នែកវោហារស័ព្ទចម្រៀងចាប៉ីដងវែង របស់ខ្មែរយើង។ ដោយយោងទៅតាមសំណូមពររបស់លោកតាចំពោះលោក ខៀវ កាញារីទ្ធ ហើយលោករដ្ឋមន្រ្ដីក៏បានយល់ព្រមសាងសង់រូបសំណាកមួយ ដើម្បីដាក់តាំងតម្កល់នៅក្នុង ទីអារាមវត្តសម៉ ហើយរូបសំណាកនេះ គឺឆ្លាក់ធ្វើអំពីថ្មភក់ ទំហំទទឹង០,៨ម៉ែត្រ និងកម្ពស់១,២០ ម៉ែត្រ អង្គុយកាន់ចាប៉ីដងវែង ជាសកម្មភាពកំពុងតែសម្តែងចម្រៀងចាប៉ី ជូនមហាជនស្តាប់កម្សាន្ត។
រូបសំណាកនេះត្រូវបានចាប់ផ្តើមកសាងពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ទើបរួចរាល់ជាស្ថាពរ ដែលមានរយៈពេលជាង៣ខែ ដោយចំណាយថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី និងលោកស្រី សរុបទាំងឈ្នួលជាងថ្លៃដឹកមកដល់ទីនេះអស់ចំនួន២.២៥០ដុល្លារ។ សូមរម្លឹកថា កាលពីលោកព្រឹទ្ធាចារ្យនៅមានជន្មាយុ ត្រូវបានលោករដ្ឋមន្ត្រី និងលោកស្រីបានឧបត្ថម្ភផ្ទះមួយខ្នង និងផ្តល់ថវិកាក្នុងមួយខែ១០០ដុល្លារជូនលោកតាប្រាជ្ញ ឈួន ជាបន្តបន្ទាប់។ លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន បានទទួលមរណ ភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
លោកព្រឹទ្ធាចារ្យត្រូវបានរាជរដ្ឋាភិបាល និងព្រះមហាក្សត្រនៃ ព្រះ រាជាណាចក្រកម្ពុជាផ្តល់គោរម្យងារថា លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន និងទទួលបានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់។
លោក ខៀវ កញ្ញារីទ្ធ បានថ្លែងថា រូបសំណាករបស់លោកតា ប្រាជ្ញ ឈួន ត្រូវបានធ្វើឡើង ដើម្បីបំពេញបំណងលោកតា កាលនៅរស់ គឺកាលលោកនៅឈឺតិចៗ ដែលលោកតាចង់បានរូបសំណាកមួយទុកជាតំណាង។ លោក ខៀវ កញ្ញារីទ្ធ បានបញ្ជាក់ថ បើទោះបីជាលោកតា ប្រាជ្ញ ឈួន មិនបានសុំ ឬផ្តែផ្តាំ ក៏ត្រូវតែកសាងរូបសំណាកនេះដែរ។
លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរយ៉ាងដល់សមត្ថភាព លេងចាប៉ីដងវែងរបស់លោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន មានទេពកោសល្យខ្ពស់ខាងការចងចាំ និងតែងនិពន្ធភ្លាមៗ។ លោកតា ប្រាជ្ញ ឈួន ជាអ្នកប្រាជ្ញខាងចាប៉ី ដ៏កម្ររបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា៖ «អានឲ្យគាត់មួយចប់ហើយ គឺគាត់ចាំតែម្តង។ អ៊ីចឹងគាត់ដឹងទាំងអស់ ប្រធានបទគោលនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន លើកមកគាត់ចាំបានតែម្តង ច្រៀងបានទាំងអស់អត់មានភ្លេចទេ ហើយបើប្រាប់ថាតាច្រៀង២ម៉ោង គាត់ច្រៀង២ម៉ោងគត់ អត់ខ្វះអីទាំងអស់។ គាត់ចាំហើយ គាត់ដឹងម៉ោងទៀតថាលេងប៉ុន្មាន និយាយទៅពិបាករកណាស់មនុស្សអ៊ីចឹង»។
លោក ប្រាជ្ញ ឆាត កូនប្រុសរបស់លោកតា ប្រាជ្ញ ឈួន បានប្រាប់ឲ្យដឹងថា រូបសំណាករបស់ឪពុករបស់លោក ត្រូវបានធ្វើអំពីថ្មដែលយកពីប្រសាទព្រះវិហារ ហើយចំពោះថវិកាកសាងវិញ គឺជាការឧបត្ថម្ភទាំងស្រុង របស់លោក ខៀវ កញ្ញារីទ្ធ។ កូនប្រុសលោកតា ប្រាជ្ញ ឈួន ក៏បានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលឃើញរូបសំណាក របស់ឪពុក ត្រូវបានសម្ពោធដាក់ជាតំណាង ឲ្យអ្នកប្រាជ្ញខាងចាប៉ីនៅស្រុកខ្មែរ។ លោកក៏មិនបានភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនចំពោះលោក ខៀវ កញ្ញារីទ្ធ ដែលបានរ៉ាប់រងឧបត្ថម្ភយ៉ាងពេញទំហឹង ចំពោះការកសាងរូបសំណាក របស់លោកតា ប្រាជ្ញ ឈួន ផងដែរ។
សូមជំរាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។
លោកតាកើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៣ នៅភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយចាប់ងងឹតភ្នែកតាំងពីអាយុ៩ឆ្នាំ ដោយសារជំងឺកញ្ជ្រិល ហើយលោកតាបានហាត់រៀនច្រៀងចាប៉ីតាំងពីនៅកុមារភាពជាមួយលោក តាឌុក (ហៅចង្កូម៨) ដែលត្រូវជាពូរបស់លោកតា។ ការហាត់រៀននេះ កុមារាប្រាជ្ញឈួន មានប្រាជ្ញាវាងវៃណាស់ដោយអាចច្រៀងចោទឆ្លើយបានយ៉ាងស្ទាត់ជំនាញជាមួយតាចង្កូម៨។
ដោយភាពប៉ិនប្រសប់របស់លោកតា លោកតាមានភាពល្បីល្បាញរហូតប្រឡងជាប់ជាបន្តបន្ទាប់ ហើយក៏បានចូលច្រៀងនៅវិទ្យុជាតិក្នុងអំឡុងឆ្នាំ១៩៦០រហូតមក។ បន្ទាប់ពីកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត គេឱ្យគាត់ដេរស្លឹកត្នោតនៅស្រុកកំណើតរបស់គាត់។ ក្រោយពីប្រទេសរំដោះពីពួកខ្មែរក្រហម លោកតា ប្រាជ្ញ ឈួន ក៏បានចូលបម្រើការងារនៅវិទ្យុជាតិជារហូតដល់ថ្ងៃចូលនិវត្តន៍។
ជាមួយគ្នានេះដែរ ដោយសារចម្រៀងចាប៉ីដងវែងមានភាពវ័យចំណាស់ជាងគេ និងជា ចម្រៀងឯករបស់ប្រទេសកម្ពុជា បានល្បីល្បាញលើពិភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលសិល្បៈចាប៉ីដងវែងនេះ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ហើយអង្គការយូនីស្កូក៏ទទួលស្គាល់ និងបញ្ចូលសិល្បៈចាប៉ីដងវែងនេះចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន មានកូនចំនួន៥នាក់ ក្នុងនោះមាន៣នាក់ ដែលរស់នៅជាមួយគាត់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់គាត់ លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្ត និងរាជធានីមួយចំនួន។
លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀង នៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។ ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតាចូលចិត្តច្រៀងរៀបរាប់ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតានៅចេះតែងបទចម្រៀងភ្លាមៗ ស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត៕