នៅរាជធានីភ្នំពេញ បង្កើតខណ្ឌ២ទៀត គឺខណ្ឌកំបូល និងខណ្ឌបឹងកេងកង
ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការបង្កើតខណ្ឌកំបូល បំបែកចេញពីខណ្ឌពោធិសែនជ័យ និងខណ្ឌបឹងកេងកង បំបែកចេញពីខណ្ឌចំការន នៃរាជធានីភ្នំពេញ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដែលលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរស្មីកម្ពុជាទើបតែទទួលបាននៅព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នេះ។
យោងតាមអនុក្រឹត្យបានអោយដឹងថា ត្រូវបានបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៧ ពីខណ្ឌចំការមន គឺសង្កាត់បឹងកេងកេង១ សង្កាត់បឹងកេងកេង២ សង្កាត់បឹងកេងកេង៣ សង្កាត់អូរឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។ ត្រូវបានផ្ទេរទីតាំងសាលាខណ្ឌចំការ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ទៅអោយសាលាខណ្ឌបឹងកេងកង។ ទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់។
អនុក្រឹត្យបានបន្តថា ត្រូវបានបង្កើតខណ្ឌកំបូល ដោយកាត់យកសង្កាត់ចំនួន៦ ពីខណ្ឌពោធិសែនជ័យ នៃរាជធានីភ្នំពេញ គឺសង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យកសង្កាត់ចំនួន១ ពីខណ្ឌដង្កោ គឺសង្កាត់ប្រទះឡាង។
ខណ្ឌកំបូលមានសង្កាត់ចំនួន០៧ គឺសង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង។ ទីតាំងសាលាខណ្ឌកំបូល ត្រូវកំណត់ដោយប្រកាសក្រសួងមហាផ្ទៃ៕