ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីបរិស្ថាន ស្នើឱ្យអភិបាលក្រុងឡុងប៊ិច ពិចារណារឱ្យមានការផ្លាស់ប្តូរទស្សនទាន នៃការរៀបចំក្រុងឈានមុខ ឬ ទីក្រុងស្អាត និងទីក្រុងដែលប្រជាជនចង់រស់នៅ

105


ភ្នំពេញ៖ លោករដ្ឋមន្ត្រីបរិស្ថាន បានស្នើឱ្យលោកអភិបាលក្រុងឡុងប៊ិច ពិចារណារឱ្យមានការផ្លាស់ប្តូរទស្សនទាន នៃការរៀបចំក្រុងឈានមុខ ឬ ទីក្រុងស្អាត និងទីក្រុងដែលប្រជាជនចង់រស់នៅ តាមរយៈការរៀបចំសិក្ខាសាលា និងសន្និសីទនានា ដើម្បីអនុវត្តក្នុងការគ្រប់គ្រងកាកសំណល់រឹង សំណល់រាវ ការបំពុលទឹក សំឡេង ខ្យល់ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការរៀបចំតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងការប្រើប្រាស់មធ្យោបាយ ដែលសន្សំសំចៃថាមពលខ្ពស់ ដោយយកបច្ចេកវិទ្យាជាស្នូល។

ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នំា២០១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូទីក្រុងឡុងប៊ិច ដឹកនាំដោយលោក Robert Garcia ជាអភិបាលក្រុង បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកអភិបាលក្រុងបានគោរពជម្រាបជូន លោករដ្ឋមន្ត្រី ថា នេះជាលើកទី១ ដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងពិតជាមានក្តីរំភើបរីករាយ ដោយបានមើលឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាពស៊ីវីល័យ និងភាពរួសរាយរាក់ទាក់របស់ប្រជាជន ព្រមទំាងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសគឺភាពស្រស់ស្អាត និងភាពទាក់ទាញរបស់រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូន លោករដ្ឋមន្ត្រី បន្ថែមទៀតថា ទីក្រុងឡុងប៊ិច ជាទីក្រុងមួយ ដែលមានប្រជាជនខ្មែររស់នៅច្រើន (Cambodia Town) ហើយនៅក្នុងការរៀបចំក្រុង គឺមានការគិតគូយ៉ាងខ្លំាង លើគុណភាព និងនិរន្តរភាពបរិស្ថាន តាមរយៈការដាក់ចេញនូវវិធានការ អនុវត្តក្នុងការគ្រប់គ្រងកាកសំណល់រឹង សំណល់រាវ ការបំពុលទឹក សំឡេង ខ្យល់ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការរៀបចំតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងការប្រើប្រាស់មធ្យោបាយ ដែលសន្សំសំចៃថាមពលខ្ពស់ ដោយយកបច្ចេកវិទ្យាជាស្នូល។ ហើយលោក ក៏បានស្នើឱ្យមានការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងនៃប្រទេសទំាងពីរ ដើម្បីអាចសិក្សារៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍ និងបានបញ្ជាក់ទៅលោកអភិបាលក្រុងឡុងប៊ិច យ៉ាងដូច្នេះថា កម្ពុជាបាននិងកំពុងបោះជំហានទៅមុខ ស្ថិតក្នុងដំណើរនៃការធ្វើទំនើបភាវូបនីយកម្ម និងបន្តខិតខំរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេស ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ជីវភាព រក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច និងសុខុនីយកម្មរបស់ប្រជាជនកម្ពុជា នៅទូទំាងប្រទេស។ ការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន​ នៅទីក្រុងបានធ្វើឱ្យរាជធានីភ្នំពេញ ត្រូវបន្តគិតគូ និងយកចិត្តទុកដាក់បន្ថែមទៀត ពាក់ព័ន្ធការគ្រប់គ្រងសំណល់ ការរៀបចំក្រុង ការរៀបចំចំណត ការរៀបចំចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវ ការបំពុលទឹក ការបំពុលខ្យល់ ការសន្សំសំចៃថាមពល ដោយផ្អែកលើមូលដ្ឋាន នៃការអភិវឌ្ឍក្រុង ឈានមុខដែលស្អាត បៃតង និងធានាបាននៅការរស់នៅដោយចីរភាព។ ដើម្បីជំរុញឱ្យកិច្ចការនេះ ទទួលបានលទ្ធផលជាវិជ្ជមាន ក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្មមុខងារ តួនាទីភារកិច្ច និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ឱ្យបំពេញការងារបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានដាក់ចេញនូវវិធានការច្បាប់ និងការផាកពិន័យ ដល់ប្រជាពលរដ្ឋដែលល្មើសច្បាប់ ព្រមទំាងបានយកចិត្តទុកដាក់ក្នុងការអប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីអនាម័យបរិស្ថានដល់កុមារ និងយុវជនឱ្យមានទម្លាប់ល្អ ក្នុងការរស់នៅស្អាត ក៏ដូចជាកៀរគរប្រភពថវិកាផ្សេងៗ ដើម្បីគំាទ្រនូវរាល់បណ្តាសកម្មភាពទំាងឡាយ ដែលធ្វើឱ្យទីក្រុងកាន់តែស្អាត និងបៃតង ដែលធានា បាននូវការរស់នៅដោយចីរភាពរបស់ប្រជាជន។

ពាក់ព័ន្ធនឹងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លោករដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលក្រុង ពិចារណារឱ្យមានការផ្លាស់ប្តូរទស្សនទាន នៃការរៀបចំក្រុងឈានមុខ ឬ ទីក្រុងស្អាត និងទីក្រុងដែលប្រជាជនចង់រស់នៅ តាមរយៈការរៀបចំសិក្ខាសាលា និងសន្និសីទនានា ព្រមទំាងការឈាន ទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា​ រវាងទីក្រុងនៃប្រទេសទំាងពីរ៕

អត្ថបទដែលជាប់ទាក់ទង