ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធី ជួបជើងខ្លាំងថៃ ភីត សាលីន នៅសង្វៀនTV5

133

​ភ្នំពេញ៖​ ព្រឹត្តិការណ៍TV5 Boxing Knock-Out serie by K-Cment សម្រាប់យប់ថ្ងៃទី២កុម្ភៈ ត្រូវបានផ្អាកមួយពេល ដើម្បីទុកឱកាសឲ្យជើងខ្លាំង៤រូប​ ដែលត្រូវប្រកួត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នោះបានសម្រាកមួយពេលដើម្បីយកកម្លាំង ។

​ជាមួយនឹងការសម្រាកនេះ កម្មវិធីប្រកួតមិនបានផ្អាកនោះទេ ។ ពុទ្ធ ឆាយតិទ្ធី ក្លិបពុទ្ធសេរីវង្ស ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ ភីត សាលីន (Phit Salin) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សព្វថ្ងៃនេះ រិទ្ធី ស្រុតចុះខ្លាំង ដោយសារតែគេមានការប្រកួតច្រើន ហួសហេតុ មិនសូវបានហ្វឹកហាត់ ព្រោះបន្ទាប់ពីប្រកួតចប់ គេត្រូវសម្រាក ដោយសារតែឈឺខ្លួន ។

​ចំពោះភីត សាលីន វិញ គេមិនខ្សោយនោះទេ ទោះបីគេមិនសូវបាន មកប្រកួតនៅស្រុកខ្មែរ ក៏ពិតមែន តែនៅស្រុកថៃ គេមានការប្រកួតច្រើន គ្រាន់បើដែរ ។ចាំមើលការប្រកួតនេះ រិទ្ធី ជាអ្នកឈ្នះ ឬ ភីត សាលីន ជាអ្នកឈ្នះ ?

​អ្នកប្រដាល់ជើងចាស់ សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍ លេខ២ បានបញ្ចុះទម្ងន់ពី៦០គីឡូក្រាម មក៥៧គីឡូក្រាម ដើម្បីប្រកួតជាមួយ អ្នកប្រដាល់ជើងថ្មី អេលីត សាន់ ក្លិបឆ្មាសសែនសុខ ។

​សុវណ្ណ គេមានអាយុច្រើនមែន តែគេនៅវ៉ៃបានល្អ កម្លាំងគេនៅអាចវ៉ៃបាន ៥ទឹក ដោយគ្មានបញ្ហា ។ ចំពោះអ្នកប្រដាល់អេលីត សាន់វិញ មិនសូវមាននរណាស្គាល់នោះឡើយ តែគេទំនងជាមិនខ្សោយឡើយ ទើបគេហ៊ានឡើងសង្វៀនតស៊ូ ជាមួយសុវណ្ណ បែបនេះ ?ចាំមើលនរណា ជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

​អ្នកប្រដាល់ពូកែ ឌឺ ម៉ន ភារម្យក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី សល់ ស្រស់ របស់ក្លិបសាលវ័ន្ដ កីឡាដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ។

ភារម្យមួយរយៈនេះ ការប្រកួតរបស់គេភាគច្រើន ជួបបរាជ័យ តែការប្រកួតរបស់គេ តែងតែបាន៥ទឹកជានិច្ច។ គេជាអ្នកប្រដាល់ចូលចិត្តវ៉ៃប្ដូរ តែការប្ដូររបស់គេ ភាគច្រើនត្រូវគូប្រកួត ច្រាស់សងវិញ ធ្វើឲ្យមានរបួសក៏មានដែរ ។ សល់ ស្រស់ ក៏ចូលចិត្តវ៉ៃប្ដូរដែរ ចាំមើលអ្នកវ៉ៃប្ដូរ និង អ្នកវ៉ៃប្ដូរនរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង