ចាប់បុរសពីបទលួចរថយន្ត ក្រោយពេលពួកគេ២នាក់ បានដូររថយន្តគ្នាជិះ ដល់ពេលភាគីម្ខាងគ្រោះថ្នាក់ចរាចរស្លាប់ ឯភាគីម្ខាងទៀតមិនព្រមប្រគល់ឲ្យឪពុកអ្នកស្លាប់
កណ្តាល៖ នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីអំពើលួច រថយន្តមួយគ្រឿង សមត្ថកិច្ចបានចាប់បុរសម្នាក់នៅថ្ងៃទី២៩មករា២០១៩ យោងតាមយោបល់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលបានអនុញ្ញាត ឲ្យសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាងរថយន្តម៉ាក Tacoma ដើម្បីបន្ត ចាត់ការតាមនីតិវិធី។ បុរសដែលត្រូវចាប់ខ្លួននេះ បានដូររថយន្តគ្នាជិះជាមួយមិត្តភក្តិម្នាក់ ពេលទៅច្រៀងខារ៉ាអូខេ តែមិត្តភក្តិម្នាក់នោះបានជួបគ្រោះថ្នាក់ចរាចរស្លាប់ក្នុងរថយន្តកាមរីបាឡែន ហើយបុរសដែលត្រូវចាប់ខ្លួននោះ មិនព្រមប្រគលរថយន្តតាកូម៉ារបស់អ្នករងគ្រោះស្លាប់ឲ្យទៅឪពុកអ្នកស្លាប់តាមស្នើសុំនោះវិញទេ ទើបឪពុកអ្នកស្លាប់ ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។
នគរបាលបានឲ្យដឹងថា ករណីលួចរថយន្តនេះ កើតហេតុ ថ្ងៃទី ២៤.០១.២០១៩ វេលាម៉ោង ២២:០០ នាទី ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ១ នាក់ ឈ្មោះ ហេង សួង ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវកម្មផលិតទឹកសុទ្ធ មានទីលំនៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យ ១ នាក់ ឈ្មោះ ខេន ផល្លា ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ហ្គាស មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ រថយន្ត ១ គ្រឿង ម៉ាក Tacoma ពណ៌ស ស៊េរីឆ្នាំ ២០០៧ ពាក់ផ្លាក
លេខ ភ្នំពេញ 2AK-1648។
កាលពីថ្ងៃទី ២៤មករា២០១៩ វេលាម៉ោង ២១:០០ នាទី ឈ្មោះ ហេង ភារម្យ បានជិះរថយន្តម៉ាក Tacoma (តាកូម៉ា) ពណ៌ស ស៊េរីឆ្នាំ ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-1648 ដោយប្រាប់ឪពុកឈ្មោះ ហេង សួង ថា ទៅព្រែកតាមាក់ ចំណែកឈ្មោះ ខេន ផល្លា ជិះរថយន្តម៉ាក បាឡែន មកផឹកស៊ីនៅហាងឆ័ត្រមាស នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ជាមួយឈ្មោះ ខេន វ៉ា និងឈ្មោះ លាង ពេលនោះឈ្មោះ ហេង ភារម្យ បានមកចូលរួមផឹកស៊ីជាមួយឈ្មោះ ខេន ផល្លា ឈ្មោះ ខេន វ៉ា និងឈ្មោះ លាង បន្ទាប់មកដល់វេលាម៉ោង ២២:០០ នាទី ថ្ងៃដដែល ឈ្មោះ ហេង ភារម្យ និងឈ្មោះ ខេន ផល្លា បានប្តូរ រថយន្តគ្នាជិះ ដោយឈ្មោះ ហេង ភារម្យ ជិះរថយន្តម៉ាក កាមរី បាឡែន របស់ឈ្មោះ ខេន ផល្លា ឯឈ្មោះ ខេន ផល្លា ជិះរថយន្តម៉ាក Tacoma របស់ឈ្មោះ ហេង ភារម្យ ក្នុងគោលបំណងទៅច្រៀងនៅហាងឌីយ៉ាម៉ង នៅស្រុកមុខកំពូល។ ពេលឈ្មោះហេង ភារម្យ បានបើករថយន្តដល់ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានជួបគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ក្រោយពីកើតហេតុឈ្មោះ ខេន ផល្លា បានយករថយន្តម៉ាក Tacoma របស់ឈ្មោះ ហេង ភារម្យ ទៅទុកហ្គារ៉ាសហ្គាសរបស់ឈ្មោះ វ៉ាញ អេង នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌។ ដល់ថ្ងៃទី ២៥មករា២០១៩ ឈ្មោះ ហេង សួង ត្រូវជាឪពុករបស់ឈ្មោះ ហេង ភារម្យ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសុំឲ្យសមត្ថកិច្ចដកយករថយន្តម៉ាក Tacoma មករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយ សមត្ថកិច្ចបានចុះទៅដល់ទីតាំងទុករថយន្ត តែឈ្មោះ ខេន ផល្លា មិនព្រមប្រគល់រថយន្តនោះ ឲ្យសមត្ថកិច្ចទេ។ ដល់ថ្ងៃទី២៩មករា២០១៩ សមត្ថកិច្ចបានហៅឈ្មោះ ខេន ផល្លា ឲ្យយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ច តែឈ្មោះ ខេន ផល្លា នៅតែមិនព្រមយករថយន្តមកប្រគល់ឲ្យដដែល ។
យោងតាមយោបល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ឲ្យសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាងរថយន្តម៉ាក Tacoma ដើម្បីបន្ត ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក រវាងរថយន្តនិងរថយន្ត កើតហេតុនៅ ថ្ងៃ ទី២៤ខែមករាឆ្នាំ ២០១៩ វេលាម៉ោង២២និង១០ នាទីលើផ្លូវជាតិលេខ ៦ចន្លោះគីឡូមែត្រលេខ២៣-២៤ ចំណុច ភូមិលើឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ ប្រុស ។
របួសស្រាល៣នាក់ ប្រុស១នាក់ ខូចខាត រថយន្ត៣គ្រឿង។
បង្កឡើង ដោយ រថយន្តមួយគ្រឿង ម៉ាកកាមរី បាឡែនពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២AP៣៦០២ បើកបរ ដោយឈ្មោះហេង ភារម្យ ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិសន្លុងឃុំសន្លុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីជើងទៅត្បួង(ពីព្រែកតាមាក់ទៅភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ បាន មកបុករថយន្ត មួយ គ្រឿងពីក្រោយ ម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ២Q៦៩៤៤ បើកបរដោយឈ្មោះសាយ សារុំ ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅភូមិថ្មីឃុំដូនតីស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ដែលធ្វើដំណើរពីជើងទៅត្បូង (ស្របទិសគ្នា) ក្រោយពេលបុករថយន្តបាឡែនបានរ៉េចង្កូតមកឆ្វេងហោះផុតសួនច្បារមកគន្លងផ្លូវខាងកើត(ឆ្វេងដៃ) ទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ២AE២៨១០បើកបរដោយឈ្មោះ ស៊ឹង សំអាតភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិឫស្សីជ្រោយឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល ដោយមានរួមដំណើរពីនាក់ ឈ្មោះព្រុយ ផល្លីភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា។ ឈ្មោះស៊ៀ សុមាលីភេទស្រីអាយុ៤ឆ្នាំមានទីលំនៅជាមួយគ្នា។បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តបាឡែន នៅកន្លែងកើតហេតុ និងរបួសស្រាលដល់ឈ្មោះស៊ឹង សំអាត ឈ្មោះព្រុយ ផល្លី និងឈ្មោះស៊ៀសុមាលី ហើយបានបញ្ចួនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។នមូលហេតុ ដោយសារអ្នកបើកបរថយន្តបាឡែន បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕