ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យការដ្ឋាន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ ប្រឡាយក្នុងរាជធានីភ្នំពេញជំហានទី៤បាននិងកំពុងដំណើរការ នៅបរិវេណសួនច្បារឫស្សីកែវ

101

ភ្នំពេញ៖ ការិយាល័យការដ្ឋាន ឃ្លាំង និងទីធ្លា សម្រាប់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ ប្រឡាយក្នុងរាជធានីភ្នំពេញ ជំហានទី ៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងធ្វើសកម្មភាពតម្លើងចេញជារូបរៀងហើយនៅបរិវេណសួនច្បារឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

   គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈអង្កការចៃកាចាប់ផ្តើមនៅខែមករា២០១៩ ហើយគ្រោង​បញ្ចប់​នៅ​ខែតុលា២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារ ។ គម្រោងនេះមាន៦ ចំណុចសំខាន់ មានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹកជាដើម។

    គម្រោង​ទាំង​៦ចំណុចខាងលើនេះ រួម​មាន៖ ១. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ៨.២០០​ម៉ែត្រ ក្នុង​សង្កាត់​បឹង​កក់​១ និង​បឹង​កក់​២ នៃ​ខណ្ឌ​ទួល​គោក។  ២. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ២.៨០០​ម៉ែត្រ ក្នុង​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌ​ដូន​ពេញ។ ៣. សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា CDC ជាប់​ដង​ទន្លេ​សាប ។ ៤. ជីក​ដាក់​បណ្ដាញ​លូ​ស្ទាក់​ទឹក​កខ្វក់ ប្រវែង​ប្រមាណ ១.៦០០​ម៉ែត្រ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពី​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក​ក្រោម​ដី ដើម្បី​បូម​ទឹក​កខ្វក់​បញ្ជូន​ទៅ​បណ្ដាញ​លូ​មេ នៅ​ផ្លូវ​លេខ​៧០។ ៥. បំពាក់​របា​មេកានិច​ស្វ័យ​ប្រវត្តិ ដើម្បី​ត្រង​សំរាម​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គម្លង់ ស្ថានីយ​បូម​ទឹក​ផ្សារ​កណ្ដាល និង​ស្ថានីយ​បូម​ទឹក​ផ្សារ​ចាស់ ដែល​បាន​សាងសង់​រួច​ នៅ​ក្នុង​គម្រោង​ជំហាន​ទី​២ ។ ៦. ផ្គត់ផ្គង់​រថយន្ត​បំពាក់​ម៉ាស៊ីន​បូម​ទឹក​ចល័ត ចំនួន​២​គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង