ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថវិកាជិត២០លានដុល្លារ អាមេរិក ផ្តល់សម្រាប់បង្កើន និងអភិវឌ្ឍវារីវប្បកម្មទឹកសាប នៅកម្ពុជា

99

ភ្នំពេញ៖ ខេត្តប្រាំមាន ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាម នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ឧបត្ថម្ភប្រាក់ចំនួន ១៧ លានដុល្លារ សម្រាប់បង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ។ 

នៅក្នុងគម្រោងឥណទានដោយផ្ទាល់ ពីក្រសួងកសិកម្ម សហរដ្ឋអាមេរិក សម្រាប់ដំណើរការកម្មវិធី ស្របទៅនឹងផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍វារីវប្បកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។

នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម បានឲ្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះថា នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំពិធីប្រកាស បើកការអនុវត្ត គម្រោងអភិវឌ្ឍន៍ វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម (CAST) នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមដោយ លោកស្រី Megan Francic តំណាងក្រសួងកសិកម្មសហរដ្ឋអាមេរិក លោក Jim Hershey នាយកគម្រោង CAST នៅកម្ពុជា តំណាងអង្គការ សង្គមស៊ីវិល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបប្រមាណ ៧០នាក់។

គម្រោងនេះនឹងជួយ ជំរុញដល់ការកំណើនកូនត្រីពូជ និងចំណី ព្រមទាំងពង្រឹងគ្រប់ទំនាក់ទំនង ក្នុងខ្សែច្រវាក់តម្លៃ ពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូផលត្រីដែលមានគុណភាពខ្ពស់ និងស្តង់ដារសមរម្យ។ លើសពីនេះ គម្រោងនេះនឹងជួយសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការនាំចេញផលត្រីទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាព។ 

ក្នុងឱកាសពិធីប្រកាសដាក់ឱ្យ អនុវត្តនូវគម្រោងអភិវឌ្ឍន៍ វារីវប្បកម្មសម្រាប់និរន្តភាព ពាណិជ្ជកម្ម (CAST) នៅប្រទេសកម្ពុជា លោក Michael Newbill  បញ្ជាក់ថា គម្រោង (CAST) ជាគម្រោងដ៏សារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍អនុវិស័យជលផលនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាវារីវប្បកម្ម ដើម្បីធានានូវនិរន្តភាពផលិតផលជលផលនៅកម្ពុជា និងបង្កើននូវគុណភាព និងស្តង់ដារផលិតផលត្រី។ លើសពីនេះ គម្រោង CAST ក៏នឹងជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។

ជាការឆ្លើយតបលោក វេង សាខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ជាក់ស្តែង តាមរយៈគម្រោងនេះបានបង្ហាញពីជំហរ របស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែករក្សានូវនិរន្តភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា ធានាសមធម៌ សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា វិស័យវារីវប្បកម្មនៅកម្ពុជាកំពុងផ្តល់នូវសញ្ញានៃការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡែកវិស័យនេះក៏មានការប្រឈមជាច្រើនដូចជា គុណភាពកូនត្រីពូជមិនទាន់ឆ្លើយតបតាមតម្រូវការ កង្វះខាតនូវការទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ តម្រូវការអនាម័យ និងស្តង់ដារភូតគាមអនាម័យ និងស្ថានភាពទីផ្សារដែលភ្ជាប់រវាងទីផ្សារក្នុងស្រុក និងអន្តរជាតិក៏នៅមានកម្រិត។ 

លោកបានបន្ថែមទៀតថា ដូច្នេះគម្រោង CAST Cambodia នេះពិតជាចាំបាច់ និងឆ្លើយតបទាន់ពេលវេលា ដើម្បីសម្រេចបានតាមគោលដៅ នៃការសម្របសម្រួលផ្គត់ផ្គង់ត្រី បានទាំងបរិមាណ មានគុណភាពខ្ពស់ និងតម្លៃល្អប្រសើរនៅប្រទេសកម្ពុជាក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានស្នើអង្គភាពជំនាញ បង្កើនសមត្ថភាពបច្ចេកទេស វារីវប្បកម្មដល់មន្រ្តីជលផល និងប្រជាពលរដ្ឋទូទៅ ក្នុងខេត្តគោលដៅ នៃគម្រោងឱ្យបានកាន់តែប្រសើរ និងជួយផ្សព្វផ្សាយទៅដល់វារីវប្បករនៃខេត្តផ្សេងៗឱ្យបានទូលំទូលាយថែមទៀតដើម្បីបង្កើនសក្តានុពលនៃផលិតផលជលផលទាំងបរិមាណ គុណភាព និងកាត់បន្ថយការនាំចូល។ ដោយឡែកស្ថានីយភ្ញាស់កូនត្រីពូជនីមួយៗត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន ប្រកបដោយគុណភាពល្អ សម្រាប់ចែកជូនកសិករ ដើម្បីជំរុញការចិញ្ចឹមផង និងលែងទៅ ក្នុងធម្មជាតិផង ព្រមទាំងត្រូវលើកទឹកចិត្ត ដល់ផ្នែកឯកជនក្នុងការវិនិយោគ បង្កើនស្ថានីយភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផលផលិតផលជលផលជាដើម៕

អត្ថបទដែលជាប់ទាក់ទង