សម្តេចសាយ ឈុំ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ដែលជាស្រុកកំណើតរបស់សម្តេច
កំពង់ចាម៖ ប្រតិកម្មរហ័សខេត្តកំពង់ចាម បានឲ្យដឹងថា នាព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់ ដែលស្ថិតនៅក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ដោយមើលការអភិវឌ្ឍន៍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើស្រុកកំណើតសម្តេចប្រែក្លាយ ទៅជាតំបន់មួយមានការវិវត្តន៍លើហេដ្ឋាចរនាសម្ព័ន្ធផ្លូវបេតុងខ្វាត់ខ្វែង ប្រព័ន្ធភ្លើង សាលារៀន មណ្ឌលសុខភាព ដើម្បីសម្រួលរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសម័យសុខសន្តិភាពមួយនេះ ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី បានអញ្ជើញទស្សនានូវការលក់ដូរ ការប្រកបមុខរបរចិញ្ជឹមជីវិតរបស់អ្នកភូមិ មានលក្ខណៈធូរធារជាងមុន ដោយមិនស្មានថា ស្រុកភូមិរបស់សម្តេច មានការប្លែកពីមួយឆ្នាំទៅមួយឆ្នាំ គឺទាំងនេះបានមកពីគោលនយោបាល សុខសន្តិភាព របស់រាជរដ្ឋាភិបាលនាពេលបច្ចប្បន្ននេះ ។
សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបាន នឹងកំពុងអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួន អោយបានរីកចំរើន ជឿនលឿន និងបានកែប្រែជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែសំបូរសប្បាយ ។
សម្ដេចបានបន្តទៀត យើងអាចរំលឹកថយក្រោយវិញកាលពីសម័យប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើអោយប្រទេសជាតិទាំងមូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការបំផ្លិចបំផ្លាញ ខ្ទេចខ្ទី គ្មានសល់។ សម្តេចបន្ថែមទៀតថា នៅទីនេះរូបសម្តេចបានធំដឹងក្តីឡើងដោយកាលនោះពិតជាពិបាក រកអ្វីថ្លែងពុំបាន តែពេលនេះកម្ពុជា បច្ចុប្បន្ន កំពុងបោះជំហានទៅមុខ គ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍ ឡើងវិញ ជាក់ស្តែងផ្លូវ ថ្នល់ សាលារៀន ទីវត្តអារាម ទឹក ប្រព័ន្ធអគ្គិសនី គឺមានស្ទើរគ្រប់ទីកន្លែង។ ដោយឡែក ក្នុងឃុំកោះសូទិន មានផ្លូវបេតុងខ្វាត់ខ្វែង អគ្គិសនី ទឹកស្អាត កំពុងតែបំរើដល់ប្រជាពលរដ្ឋ ។ សម្តេចបាន ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងតែមានស្រាប់នេះ អោយបាននៅស្ថិតស្ថេរ គង់វង្ស ដើម្បីអោយកូនចៅជំនាន់ក្រោយមានឱកាសអភិវឌ្ឍន៍ប្រទេសបន្តទៀត៕