ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប និង អាស៊ាន ពិភាក្សា គោលនយោបាយស្តីពី ការដឹកជញ្ជូនតាមផ្លូវគោក និងសុវត្ថិភាពចរាចរណ៍

81


ទីក្រុងប៊្រុសស៊ែល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩៖ សិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ សហភាពអឺរ៉ុប និងអាស៊ាន រៀបចំដោយអគ្គនាយកនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកចល័តភាពនិងការដឹកជញ្ជូន (DG MOVE) និង អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអភិវឌ្ឍន៍ (DG DEVCO) ត្រូវបានធ្វើឡើងនៅឯទីក្រុងប៊្រុសស៊ែល ចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ សិក្ខាសាលានេះ គឺជាកិច្ចចាប់ផ្ដើមដំបូង នៃជំនួបប្រជុំជាច្រើនផ្សេងទៀត ដែលរៀបចំដោយសហភាពអឺរ៉ុប និងអាស៊ាន ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្រ្តជាក់លាក់របស់តំបន់នីមួយៗ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ក៏ដូចជាឆ្លើយតបចំពោះបញ្ហាប្រឈមដ៏សំខាន់នានានៃសុវត្ថិភាពចរាចរណ៍។

ព្រឹត្តិការណ៍ស្ដីពីសុវត្ថិភាពចរាចរណ៍នេះ មានការចូលរួមពីអ្នកជំនាញផ្នែកគោលនយោបាយដឹកជញ្ជូននៃគណៈកម្មការអឺរ៉ុប និងមន្ត្រីផ្នែកដឹកជញ្ជូនជាច្រើនរូបមកពីអាស៊ាន ដោយរាប់បញ្ចូលតាំងពីកម្រិតគោលនយោបាយរហូតដល់ផ្នែកបច្ចេកទេស ដែលផ្តល់លទ្ធភាពឱ្យអ្នកចូលរួមទាំងអស់ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកប្រកបដោយផ្លែផ្កា ជុំវិញគោលនយោបាយដឹកជញ្ជូនផ្លូវគោក យុទ្ធសាស្រ្តនិងបទបញ្ញាត្តិនានាសម្រាប់លើកកម្ពស់សុវត្ថិភាពចរាចរណ៍។ កិច្ចប្រជុំនេះ បានផ្តល់នូវឱកាសដើម្បីចែករំលែកមេរៀន បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាបង្កើននូវបណ្តាញអ្នកជំនាញអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយ និងពង្រីកគំនិតផ្តួចផ្តើមសហប្រតិបត្តិការបន្ថែមទៀត។

កិច្ចពិភាក្សា ក៏បានភ្ជាប់មកជាមួយនូវបទបង្ហាញស្ដីពីលទ្ធផលបឋម នៃការសិក្សាស្រាវជ្រាវមួយដែលកំពុងតែត្រូវបានអនុវត្តផ្តោតលើសុវត្ថិភាពចរាចរណ៍នៅអាស៊ាន ក្រោមកិច្ចគាំទ្រពីសហភាពអឺរ៉ុប។ ការសិក្សានេះ រំលេចឱ្យឃើញនូវបញ្ហាប្រឈមមួយចំនួន ជុំវិញសុវត្ថិភាពចរាចរណ៍នៃប្រទេសនីមួយៗនៅ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាវិធានការសមស្របមួយចំនួនដែលនឹងត្រូវធ្វើឡើងដោយអាស៊ាន។ សិក្ខាកាមជាច្រើន ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចជាលក្ខណៈបច្ចេកទេស ទៅកាន់វិទ្យាស្ថានវីអាស (Vias Institute) មជ្ឈមណ្ឌលនៃចំណេះដឹងខាងផ្នែកសុវត្ថភាពចរាចរណ៍ដ៏សំខាន់ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ជាកន្លែងដែលអ្នកតំណាងមកពីតំបន់អាស៊ាន បានស្វែងយល់ពីវិធីសាស្រ្តថ្មីៗប្រកបដោយភាពច្នៃប្រឌិតជុំវិញការសិក្សាស្រាវជ្រាវអំពីសុវត្ថិភាពចរាចរណ៍។

កិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប និង តំណាងរដ្ឋជាសមាជិកអាស៊ាន ចូលរួមធ្វើការពិភាក្សាលើប្រធានបទមួយ ដែលបទពិសោធន៍របស់សហភាពអឺរ៉ុប អាចជួយការគាំទ្របន្ថែម ដល់សមាហរណកម្មរបស់តំបន់អាស៊ាន។

សិក្ខាសាលាលើកទី១ ស្តីពី សុវត្ថិភាពចរាចរណ៍រវាងសហភាពអឺរ៉ុប និងអាស៊ាន បានទទួលការ គាំទ្រពីកម្មវិធីលើកកម្ពស់កិច្ចសន្ទនាថ្នាក់តំបន់រវាងអឺរ៉ុបនិងអាស៊ាន (E-READI) ជាកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជួយសម្របសម្រួលកិច្ចសន្ទនារវាងសហភាពអឺរ៉ុបនិងអាស៊ាន ក្នុងគោលនយោបាយជាអាទិភាព ដែលផ្តល់ប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ។ យោងតាមបទពិសោធន៍ខាងសមាហរណកម្មថ្នាក់តំបន់របស់សហភាពអឺរ៉ុប កម្មវិធីកិច្ចសន្ទនាគោលនយោបាយ E-READI នឹងពង្រឹងបន្ថែមសមាហរណកម្មថ្នាក់តំបន់របស់អាស៊ាន ក៏ដូចជាភាពជាដៃគូជារួមរវាងអាស៊ាន និងសហភាពអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង