ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការប្រឌិតញុះញង់ លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជាតទៅទៀត

112


ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ជាថ្មីម្តងទៀត ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស និងច្រានចោលទាំងស្រុង ចំពោះរបាយការណ៍ញុះញង់គ្មានមូលដ្ឋានបែបវិទ្ធង្សនា របស់មន្ទីរចារកម្មជាតិសហរដ្ឋអាមេរិកផ្សព្វផ្សាយកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៩ ដើម្បីបង្កឲ្យមានការភាន់ច្រឡំដល់សាធារណមតិ និងអន្តរជាតិ មកមកលើឯករាជ្យភាពរបស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា របាយការណ៍ ស្ដីពី ការវាយតម្លៃលើការគំរាមកំហែង ទូទាំងពិភពលោក របស់សហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ ចេតនាអាក្រក់មួយ ក្នុងការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃ ក្នុងរបស់រដ្ឋអធិបតេយ្យ និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញ លាបពណ៌មកលើ ភាពឯករាជ្យ អព្យាក្រឹត្យអចិន្រ្តៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ទោះបីជាមាន ការបំភ្លឺផ្លូវច្បាប់ និងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ម្តងហើយម្តងទៀតពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសក៏ដោយ។
ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលផ្តើមចេញពី រដ្ឋប្រហារគាំទ្រដោយ សហរដ្ឋអាមេរិក ឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយវត្តមានកងទ័ពបរទេសនៅលើទឹកដី បានធ្វើប្រជាជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃសន្តិភាព មិនចង់ឱ្យប្រវត្តិសាស្រ្តនេះវិលមកជាថ្មី គ្រាដែលប្រទេសកំពុងមានសន្តិភាពពេញលេញនោះឡើយ ហើយកម្ពុជាក៏មិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បីទទួលវត្តមានកងទ័ពបរទេសនោះដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍បញ្ជាក់ជំហរយ៉ាងច្បាស់លាស់ហើយថា ទោះជាកម្ពុជាពេលនេះ មានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសមិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជា ទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិនោះឡើយ។

ក្រសួងការពារជាតិកម្ពុជា​ស្វាគមន៍ជានិច្ច ចំពោះមន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក ដែលមានបំណង ចង់ស្វែងរកការពិត លើការសង្ស័យណាមួយ ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអំពីបញ្ហានេះ តែផ្ទុយទៅវិញ ក្នុងករណីដែលរកមិនឃើញភស្តុតាង ឬទឡ្ហីករណ៍ច្បាស់លាស់ទេ សូមឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការប្រឌិតញុះញង់ លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជាតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង