រថយន្តMazdaស្លាកលេខ ខ.ម បោះពួយយ៉ាងលឿន បុករះសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច
ភ្នំពេញ៖ រថយន្តMazdaស្លាកលេខ ខ.ម បោះពួយយ៉ាងលឿនជ្រុលបុករះសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររួចបេីករថយន្តទុកក្នុងបុរីសំងំយ៉ាងសង្ហា តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងចំណុចផ្សារភូមិសិរីយាស្ថិតក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកMazda BT50 ពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ01 2-8499 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះដោយធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅស្ដាំជ្រុលទៅបុករះបង្គោលសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះដែររថយន្តបង្កខាងលើមិនបានឈប់ដោះស្រាយនោះទេថែមទាំងបេីករត់គេចចូលទៅក្នុងបុរីមួយកន្លែងសំងំយ៉ាងសង្ហាតែម្ដង។
ក្រោយពេលកេីតហេតុក៏មានខាងតំណាងរថយន្តបង្កបានចុះមកធ្វើការចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះដែលរងការខូចខាតដោយសុំធ្វើសំយ៉ាបផ្ទះថ្មីឲ្យវិញដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕