ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការស្រុកមេមត់ ប្រកាសតាមរកចាប់ខ្លួនជនល្មើស ដែលធ្វើសកម្មភាពប្លន់ ធាក់យកម៉ូតូយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកមេមត់ ដោយសុំការសហការពីប្រជាពលរដ្ឋ

113

នៅព្រឹកថ្ងៃទី ២ កុម្ភៈ ២០១៩ នេះ លោកអធិការនគរបាលស្រុកមេមត់ សុំប្រកាសតាមចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ នៅខេត្តកំពង់ចាម ដោយប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់) ត្រូវបានដោះលែងឲ្យមករស់នៅទីកន្លែងកំណើតរបស់ខ្លួនដើម្បីធ្វើជាពលរដ្ឋធម្មតា ប៉ុន្តែជននោះមិនបានបញ្ឈប់ការប្រព្រឹត្តបទល្មើសនានាដែលខុសនឹងច្បាប់ឡើយ ។

ការប្រកាសតាមរកចាប់ខ្លួននេះយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦២ ចុះថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៧ របស់លោក ផុន វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឲ្យពិនិត្យលើឈ្មោះ យ៉យ គឹមហន ភេទប្រុស ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្តនៅភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៦ បទល្មើសព្រហ្មទ័ណ្ឌដែលមានចែង និងបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ៣៥៣,៣៥៧ នៃក្រមព្រហ្មទ័ណ្ឌ ។

សូមបញ្ជាក់ជូនថា ៖ ចំពោះសាធារណៈជនរូបណាមួយដែល បានឃើញជនសង្ស័យមានភិនភាគដូចក្នុងរូប និងបានដឹងពីកន្លែងលាក់ខ្លួនជនខាងក្រោមនេះ សូមជួយរាយការណ៍មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់យើងខ្ញុំ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះ មកផ្តន្ទាទោសតាមនីតិវិធី ។ ហើយយើងខ្ញុំនឹងមានជូនរង្វាន់លើកទឹកចិត្តជាទីគាប់ចិត្ត ដល់សាធារណៈជនណាដែល សហការជាមួយសមត្ថកិច្ចយើង ដើម្បីធ្វើការចាប់ខ្លួនជននោះ និងរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច តាមរយៈលេខទូរស័ព្ទ ៖ 097 77 80 047 , 077 77 09 77 ៕

អត្ថបទដែលជាប់ទាក់ទង