ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធី​ ឈ្នះដោយសន្លប់ខ្លួនឯង

133

​ភ្នំពេញ: ការប្រកួតប្រដាល់លើសង្វៀនTV5 យប់ថ្ងៃទី២ កុម្ភៈ អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី បានទទួលជ័យជំនះ លើអ្នកប្រដាល់ថៃ ភីត ឆៃ (Phit Chhai) នៅទឹកទី៣ ដោយសន្លប់ខ្លួនឯង ។

​នេះជាជ័យជំនះដ៏អស្ចារ្យមួយ តែមិនមែនជាជ័យជំនះ សម្រាប់អ្នកខ្លាំងនោះទេ ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ មានលក្ខណៈតឹងតែងគួរសមដែរ ហើយស្ថានភាព នៃការប្រកួត ភីត ឆៃហាក់ ដូចជាបង្ហាញពីការមានប្រៀបភាគច្រើន ។ តែទោះជាយ៉ាងណា ក៏‌ឱកាសខ្លះ ប្រៀបខ្លាំងស្ថិតនៅក្នុង កណ្ដាប់ដៃរិទ្ធីដែរ ។

​មកដល់ទឹកទី៣ ក្នុងខណៈដែលការប្រកួត កាន់តែតឹងតែងនោះ ភីត ឆៃ ដេញរិទ្ធី រហូតកៀកខ្សែសង្វៀន ហើយក្នុងខណៈដែល ក្បាលរិទ្ធី ចេញក្រៅរង្វង់ខ្សែសង្វៀនហើយនោះ អ្នកប្រដាល់ថៃរូបនេះ ឆ្លៀងព្រលែងមួយកែង ចំកញ្ចឹងករិទ្ធី ពីក្រោយ បណ្ដាលឲ្យរិទ្ធីប្រកាច់តែម្ដង ។

​ការវ៉ៃពីក្រោយ គឺជាកំហុស ព្រោះមុនពេលប្រកួត អាជ្ញាកណ្ដាលសុទ្ធតែហាម ការវ៉ៃរបៀបនេះ ។ ដោយសារនេះជាកំហុសនោះ អាជ្ញាកណ្ដាល សម្រេចប្រគល់ជ័យជំនះ ដល់រិទ្ធី ។ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ជើងចាស់ សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ២ បានយកឈ្នះអ្នកប្រដាល់ សូត្រ ខេវិន ក្លិបបក្សីស្លាបដែកដោយពិន្ទុ ។

​ខេវិន ដែលកំពស់របស់គេ មានប្រៀបលើ សុវណ្ណ នោះគេព្យាយាមប្រើកែង និង ជង្គង់ វាយប្រហារលើសុវណ្ណ តែសុវណ្ណ ដែលជាខ្លាចាស់ ធ្លាប់ឆ្លងកាត់សមរភូមិជាច្រើនហើយនោះ គេធ្វើឲ្យ ខេវិន វាយចេញមិនសូវរួចឡើយ ។ ការប្រកួតធ្វើឡើង ៥ទឹកពេញ ហើយជ័យជំនះ បានទៅសុវណ្ណដោយពិន្ទុ ។

​ម៉ន ភារម្យ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រើពេលតែ៣ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ សល់ ស្រស់ ក្លិប សាលវ័ន្ដកីឡា ឲ្យដួលសន្លប់ ។ មួយរយៈនេះការប្រកួតភាគច្រើន របស់ ភារម្យ តែងតែទទួលបរាជ័យ ក្នុងខណៈដែល សល់ ស្រស់​ ការប្រកួតរបស់គេ មានលទ្ធផលល្អច្រើនជាងនោះ ។ សម្រាប់ការប្រកួតមួយនេះ សល់ ស្រស់ ទៅមិនរួច ជាមួយជង្គង់របស់ ភារម្យ ឡើយ គឺគេសន្លប់ក្រៅមថ្វីជង្គង់ របស់ សល់ ស្រស់ ។

​គៀង ធារ៉ា ក្លិបរស្មីកុមារកំព្រា ត្រូវអ្នកប្រដាល់ ឆោម ប៊ុនឡុង ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ផ្ដួលបាននៅ មុនស្នូរជួង បញ្ចប់ទឹកទី២៕

អត្ថបទដែលជាប់ទាក់ទង