បារាំង សន្យាតស៊ូមតិ ជាមួយប្រទេស នៅសហភាពអឺរ៉ុប ផ្តល់ភាពយុត្តិធម៌ ដល់កម្ពុជា
ភ្នំពេញ៖ ក្រោយពីមានការដាក់សម្ពាធ មកលើកម្ពុជា ក្រោមលេសសិទ្ធមនុស្ស និងប្រជាធិបតេយ្យ សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជំរាបជូន លោកស្រី កិត្តិសង្គហបណ្ឌិតម៉ែន សំអន លើកឡើងថា លោក នឹងជួបពិភាក្សាបន្តបន្ទាប់ ជាមួយប្រទេសសមាជិក សហភាពអឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញ នៃការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ ពីសិទ្ធមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ។
តាមការបញ្ជាក់ឲ្យដឹងពី លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៅក្រោយជំនួប ពិភាក្សារវាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយ ឯ,ឧ ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។
លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានបញ្ជាក់ថា៖ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ លោក បានមើលឃើញច្បាស់ ពីសភាពការណ៍ពិត នៅកម្ពុជា ទាំងល្បឿននៃការអភិវឌ្ឍ ការរីកចំរើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា គឺមានភាពធូរធារ ពិសេសឃើញពីភាពសុខសាន របស់ប្រជាជនកម្ពុជា ដែលផ្ទុយពីការលើកឡើង របស់បុគ្គលមួយចំនួន ជាប្រទេសសមាជិក សហភាពអឺរ៉ុប ថា គ្មានការគោរពសិទ្ធិមនុស្ស និងមិនមានលទ្ធិប្រជាធិបតេយ្យ ។
សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានចាត់ទុកថា៖ ការលើកឡើងទាំងអស់ខាងលើ ជាលេសពិតប្រាកដ ដើម្បីដាក់គំនាបមកលើប្រទេសកម្ពុជា ក្រោមការជំរុញពីសហរដ្ឋអារិក តាមរយៈការគំរាមដកប្រព័ន្ធអនុគ្រោះ ពន្ធ(EBA) ដែលជាក់ស្តែង នៅចំពោះមុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា ។
លោក បន្តទៀតថា៖ បើនិយាយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងប្រទេស នៅអឺរ៉ុប និងនៅប្រទេសប្រជាធិបតេយ្យ មួយចំនួនទៅទៀត ដែលប្រទេសខ្លះ មានការឡើងកាន់ អំណាចមិនមានការបោះឆ្នោតផង ហេតុអីគេមិននិយាយ មកនិយាយតែកម្ពុជា គ្រាដែលការបោះឆ្នោតគ្រប់អាណត្តិនៅកម្ពុជា មានគណបក្សនយោបាយ ជាច្រើនចូលរួម ប្រកួតប្រជែង ពិសេសការបោះឆ្នោត កាលពីឆ្នាំ២០១៨ ដែលជាការបោះឆ្នោត អាណត្តិទី៦ កម្ពុជាមានគណបក្ស រហូតដល់ទៅ២០ចូលរួម និងមានប្រជាពលរដ្ឋ ទៅបោះឆ្នោតជាង ៨៣ភាគរយឯណោះ ។
លោក សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានធ្វើការប្រៀបធៀបចំៗ ទៅនឹងប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលមិនបានគោរព អនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស ពេញលេញនៅឡើយទេមកដល់ពេលនេះ តែបែរជាបណ្តាប្រទេស នៅក្នុងអឺរ៉ុបខ្លួនឯង និងសហរដ្ឋអាមេរិក ធ្វើមិនដឹងមិនឮទៅវិញ ។
ជាចុងក្រោយ លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សន្យាជាមួយលោកស្រី ម៉ែន សំអន ថា៖ នឹងបន្តជួបពិភាក្សាបន្តបន្ទាប់ជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញពីការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)មកលើកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស។ដូចនេះ សហភាពអឺរ៉ុប គួរតែពិនិត្យរួមគ្នា ដើម្បីបន្ថយកំដៅនយោបាយ ហើយលោកសមាជិក ព្រឹទ្ធសភាបារាំងរូបនេះថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសំរេចរបស់តុលាការ មិនមែនជាការសំរេច របស់រាជរដ្ឋាភិបាលនោះទេ ។
ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះ ការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជា លើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុងមានភាពល្អប្រសើរ នៅកម្ពុជា ។
លោកស្រីថា៖ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់អស់ជិតបីទសវត្សរ៍ មកជាប្រទេសមានសន្តិភាព និងមានឱកាសបន្ត ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនបន្តទៀត ហើយក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីសមរភូមិ ទៅជាទីផ្សារដ៏ទាក់ទាញ និងពីប្រទេសដែលមានការអភិវឌ្ឍតិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប។
លោកស្រី ម៉ែន សំអន បានបន្តថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបន្ថែមទៀត ក្នុងការពង្រឹងសន្តិភាព ការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់ គ្រប់រូបភាព ដើម្បីប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ព្រោះ២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ហើយកាលពីចុងឆ្នាំ២០១៨ និង ដើមឆ្នាំ ២០១៩ ប្រជាជនកម្ពុជា បានចូលរួមអបអរសាទរ នូវព្រឹត្តិការជាប្រវត្តិសាស្ត្រចំនួន៣ធំៗ ដែលក្នុងនោះមាន ព្រិត្តិការរំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ និងសម្ភោធវិមានឈ្នះ ឈ្នះពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃបង្កើតរណៈសិរ្សសង្គ្រោះជាតិកម្ពុជា និងព្រឹត្តិការខួបលើកទី៤០ឆ្នាំ នៃការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា នាថ្ងៃជ័យជំនះ៧មករា ១៩៧៩ ។
សូមរំលកថា៖ នៅក្នុងដំណើរទស្សនកិច្ច របស់លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា នៅកម្ពុជានាពេលនេះ ក៏មានការចូលរួមដំណើរ ដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា នៅក្រៅប្រទេស លោកសាត វិច្ឆិកា ប្រធានសមាគមកុមារជ័យ និងលោក Pascal Babin អនុប្រធានសមាគម ហើយប្រតិភូនេះ នឹងទៅទស្សនកិច្ច នៅខេត្តសៀមរាប និងបន្តនាំយកមូលនិធិមួយចំនួន របស់សមាគមកុមារជ័យ ដើម្បីផ្តល់ដល់កុមារ នៅខេត្តបន្ទាយមានជ័យផងដែរ ៕