ជនអណាថា ស្នាក់នៅនឹងវត្ត បង្កហឹង្សាដល់ព្រះសង្ឃ គង់ក្នុងវត្ត
បន្ទាយមានជ័យ៖ លោកនេន១អង្គ ព្រះនាម រ៉ាន់ ភារុំ ភេទប្រុស ព្រះជន្ន១៨វស្សា គង់នៅវត្តតាសល់ ភូមិតាសល់ ឃុំចំណោម រងរបួសធ្ងន់ត្រង់គល់ ក ខាងឆ្វេង ដោយសារបុរសម្នាក់ គ្មានទីលំនៅពិតប្រាកដ យកកាំបិតចិតបន្លែចាក់ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីយប់ មានករណីអំពើហឹង្សាដោយចេតនា កើតឡើងនៅក្នុងវត្តតាសល់ ភូមិតាសល់ ឃុំចំណោម ដែលបង្កឡើងដោយឈ្មោះ ចក់ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតាសល់ ឃុំចំណោម បានផឹកស្រវឹង ហើយបានយកកូនកាំបិតចិតបន្លែ ទៅភ្ជង់កលោកនេន បណ្តាលឲ្យរងរបួសត្រង់គល់ ក ខាងឆ្វេងឈាមហូរយ៉ាងច្រើន។
លោកអធិការបានបន្តថា៖ ក្រោយពីបង្កឲ្យលោកនេន មានរបួស ជនសង្ស័យ បានយកកាំបិតចិតបន្លែនោះ ទៅជៀរខ្សែភ្លើង រួចអាដៃឆ្វេងខ្លួនឯង បណ្តាលឲ្យដាច់សរសៃឈាម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ចំណែកលោកនេន ត្រូវបានគ្រូពេទ្យមកព្យាបាលនៅវត្ត។ ជនសង្ស័យ ជាមនុស្សអណាថា ស្នាក់នៅក្នុងវត្ត ហើយតែងតែផឹកស្រាស្រវឹង រករឿងលោកគ្រប់ៗអង្គ មិនដែលខាន។ ករណីនេះ បន្ទាប់ពីព្យាបាលរួច ជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រុក រៀបចំសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕