ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនសង្ស័យ ០៤នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង

92


កណ្តាល៖ តុលាការខេត្តកណ្តាល បានចេញឃុំខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង ដាក់ពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធីច្បាប់។

បើតាមអាវុធហត្ថខេត្កណ្តាលបានឲ្យដឹងថា នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានការប្រទះឃើញសាកសព (ករណីឃាតកម្ម វាយសម្លាប់) នៅចំណុចក្នុងវាលស្រែ ស្ថិតក្នុងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សពជនរងគ្រោះឈ្មោះ ខន សាវ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយឈ្មោះ នួន ណាក់ អាយុ ៤៦ឆ្នាំ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ ព្រុំ វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងចាប់ខ្លួន មានស្រុកកំណើតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង (ចាប់ខ្លួននៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណង់កំពុងសាងសង់ ស្ថិតក្នុងភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២-ឈ្មោះ ព្រុំ សម្បត្តិ (ហៅយួន) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
២-ឈ្មោះ ប៉ោង សំណាង (ហៅពៅ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
(ទី២ និងទី៣ រស់នៅភូមិភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ចាប់ខ្លួននៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង និងស្រុកកំចាយមារ)។
៤/-ឈ្មោះ ម៉ម ហ័ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិនិមិត្ត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នាក់នៅចល័តតាមការដ្ឋានសំណង់កន្លែងធ្វើការ។ ចាប់ខ្លួនបាន នៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារ “ផ្លាហ្សា” ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងខណ្ឌពោធិ៍សែនជ័យ)។

+វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ
-មួក០១ ពណ៌ក្រឡាការ៉ូ ស+ខ្មៅ
-ខ្សែក្រវ៉ាត់០១ ពណ៌ ស+ក្រហម
-ស្បែកជើងផ្ទាត់ ពណ៌ស ០១គូរ
-ក្បាលខ្សែក្រវ៉ាត់ដែក ០១

ជនសង្ស័យទាំង០៤នាក់ បានសារភាពថាៈ ពួកគេទាំងអស់គ្នា និងជនរងគ្រោះសរុបចំនួន ០៥នាក់ បានផឹកស្រាស្រវឹង ផឹកស៊ីចាប់តាំងពីក្បាលល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ រហូតដល់វេលាពាក់កណ្តាលអធ្រាត្យ ថ្ងៃដដែល ក៏បាននាំគ្នាដើរទៅច្រៀងខារ៉ាអូខេ នៅក្នុងភូមិកើតហេតុ (ចំណុចប្រទះឃើញសព) ចូលតាមផ្លូវលំ ចុះតាមផ្លូវជាតិលេខ៣។ ពេលដើរចូលទៅដល់ចំណុចម្តុំកន្លែងកើតហេតុ មិនទាន់ដល់ខារ៉ាអូខេផង ជនសង្ស័យ និងជនរងគ្រោះ (០៥នាក់) បានមានទំនាស់ពាក្យសម្តីខឹងនឹងគ្នា ដោយសារជនរងគ្រោះកុហកថាមានប្រាក់ជួយចេញ ប៉ុន្តែគឺពុំមានទេ ក៏កើតជាកំហឹង ក្រុមជនសង្ស័យទាំង០៤នាក់ ក៏បានព្រួតគ្នាវាយដោយដៃ និងក្បាលខ្សែក្រវ៉ាត់ ព្រមទាំងយកខ្សែក្រវ៉ាត់រឹតក បន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះលែងកំរើក ដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់មកជនសង្ស័យទាំង០៤នាក់ បាននាំគ្នាអូសផង សែងផង សពជនរងគ្រោះពីចំណុចសម្លាប់វាលស្រែមួយ ឆ្លងភ្លឺទៅវាលស្រែមួយទៀត រួចជាន់សពសង្កត់ទៅក្នុងភក់ទឹកស្រែ ហើយបោចគល់កញ្រ្ជាំងស្រូវគ្របកប់ពីលើសពជនរងគ្រោះបន្ថែម រួចរាល់ហើយក៏បាននាំគ្នាដើរត្រឡប់មកបន្ទប់ជួលរៀងៗខ្លួនវិញ ដេកអស់ទៅ។

បច្ចុប្បន្ន ជនសង្ស័យ ជំនាញត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច៕

អត្ថបទដែលជាប់ទាក់ទង