ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃចូលឆ្នាំចិន បងប្អូនប្រជាពលរដ្ឋ និងទេសចរ ចេញទៅកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន

138

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៧ខែកុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។

ស​ម្តេចតេជោ បានលើកឡើងថា សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាពសន្តិសុខ គឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសឲ្យពលរដ្ឋ និងទេសចរទៅកម្សាន្តសប្បាយ ដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកម្សាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស។

សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់ឲ្យគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ ដោយចៃដន្យណាមួយ ដែលធ្វើឲ្យយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង