បង្ក្រាបទីតាំងជល់មាន់ ដុះស្លែ នៅខាងក្រោយវត្តចំប៉ា
ភ្នំពេញ៖ ទីតាំងជល់មាន់មួយកន្លែង នៅខាងក្រោយវត្តចំប៉ា ដែលបើកលេងឡើងដុះស្លែ ស្ថិតក្នុងភូមិជ្រោយ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបចាប់បានមាន់៩ក្បាល ទ្រុងសម្រាប់ក្រុងមាន់ជាង១០ និងចាប់ខ្លួនមនុស្សម្នាក់ ក្រោយមកបានរត់គេចខ្លួនបាត់ នៅគ្រាដែលអាជ្ញាធរមានការធ្វេសប្រហែស។ ចំណែកអ្នកលេងមាន់ផ្សេងទៀត រត់ចែកជើងគ្នា នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំកងកម្លាំងចុះបង្រ្កាបជាក់ស្តែង។ ក្នុងពេលកម្លាំងចុះបង្ក្រាប អ្នកលេងជល់មានរត់ចែកផ្លូវគ្នា ហុយដីសំពោង អ្នកខ្លះរត់បុកសសរផ្ទះ អ្នកខ្លះរត់ចូលពួនក្នុងព្រៃត្រែង ។
លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ឲ្យថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ ពីទីតាំងជល់មាន់យ៉ាងសកម្មនេះ លោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះបង្ក្រាប ទីតាំងជលមាន់ ដែសម្ងំលេង នៅក្នុងតំបន់និគមន៍ជនវៀតណាម រស់នៅខាងក្រោយវត្តចំប៉ា ជាលទ្ធផលអាជ្ញាធរ ចាប់បានមាន់៩ក្បាល ទ្រុងសម្រាប់ក្រុងមាន់ជាង១០ ដោយឡែកអ្នកលេងជល់មាន់រត់គេចខ្លួនបាត់ ។ នេះជាផ្នែកមួយ នៃការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ឈានទៅលប់បំបាត់ ល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះល្បែងស៊ីសងជាប្រភព នៃការកើនមានបទល្មើសចោរកម្ម និងជួញដូរថ្នាំញៀន ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមផ្តល់ព័ត៌មានពីទីតាំងល្បែងស៊ីសង មុខសញ្ញាក្មេងទំនើង មុខសញ្ញាចំណូលថ្មី មុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀន ដើម្បីងាយស្រួលដល់សមត្ថកិច្ចបើកការស៊ើបអង្កេត និងបង្ក្រាប មួយផ្នែកទៀតរាល់ព័ត៌មានដែលបានផ្តល់ឲ្យ សមត្ថកិច្ចរក្សា ការណ៍សម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនប្រជាពលរដ្ឋ បានចូលរួមចំណែក អនុវត្តន៍គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ជាមួយអាជ្ញាធរ ៕