ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រស់នៅក្រៅការប្រមូលផ្ដុំធ្វើឲ្យគុណផលធ្លាក់ចុះ

120

​ភ្នំពេញ:ពេលនេះក្រសួងអប់រំយុវជន និង កីឡាកំពុងតែពិនិត្យលើ ការប្រមូលផ្ដុំកីឡាជម្រើសជាតិឲ្យរស់នៅរួមគ្នា និង បរិភោគរួមគ្នាឡើងវិញដើម្បីបង្កើនគុណផលដែលហាក់ដូចជាធ្លាក់ចុះនោះ ។

​លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានធ្វើការកត់សំគាល់ថាស៊ីហ្គេម២លើកចុង
ក្រោយគឺលើកទី២៨ឆ្នាំ២០១៥នៅសឹង្ហបូរី និងលើកទី២៩ឆ្នាំ២០១៧នៅម៉ាឡេស៊ីមេដាយរបស់កម្ពុជាធ្លាក់ចុះច្រើន
ទោះបីកម្ពុជានៅរក្សាតំណែងលេខ៨លើឡាវ ប្រ៊ុយណេ និង ទីម័រខាងកើតក៏ពិតមែន ។

​សម្រាប់ឆ្នាំ២០១៩ដែលជាឆ្នាំនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពីននេះប្រភេទកីឡាមួយ
ចំនួនអាចនឹងត្រូវប្រមូលផ្ដុំឡើងវិញ ។ នេះជាឆ្នាំយុទ្ធសាស្រ្តដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេម
លើកទី៣២ឆ្នាំ២០២៣ ។

ស៊ីហ្គេមលើកទី២៨ឆ្នាំ២០១៥នៅប្រទេសសឹង្ហបូរីកម្ពុជា ដណ្ដើមបានមេដាយមាសតែមួយគ្រឿងប៉ុណ្ណោះ និង
មេដាយប្រាក់៥គ្រឿង សំរិទ្ធ៩គ្រឿង ។ ស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្ដើមបានមេ
ដាយមាស៣គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ១២គ្រឿង ។

គេនៅចាំបានថាមេដាយរបស់កម្ពុជាឡើងខ្ពស់នោះ គឺស៊ីហ្គេមលើកទី២៧ដែលកម្ពុជាដណ្ដើមបានមេដាយមាស៨គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធ២៩គ្រឿង ។កាលនោះប្រភេទកីឡាចំបាប់បានមេដាយមាស៤គ្រឿង វ៉ូវីណាមមេដាយមាស ២ គ្រឿង ប៉េតង់មេដាយមាស ១គ្រឿង និងតេក្វាន់ដូមេដាយមាស១គ្រឿង ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានបញ្ជាក់ដែរថាចាប់ពីស៊ីហ្គេមលើកទី៣០នេះទៅអ្វីៗ ត្រូវតែរឹងមាំព្រោះជាឆ្នាំយុទ្ធសាស្រ្ត ។ ប្រភេទកីឡាដែលមិនទាន់ដណ្ដើមបាន មេដាយត្រូវតែពង្រឹងខ្លួនឲ្យបានល្អ ។ចំពោះប្រភេទកីឡាដែលមានសក្ដានុពល ហើយនោះក៏មិនត្រូវសម្ងំស្ងៀមដែរគឺត្រូវតែបង្កើនការហ្វឹកហាត់បន្ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង