រថយន្ដបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះចូលផ្ទះប្រជាពលរដ្ឋ និងរថយន្ត ស្លាប់ ម្នាក់និងរបួស៤នាក់
(ព្រះសីហនុ)៖ រថយន្ដបែនធុនធំដឹកថ្មមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោត បានបុករះរថយន្ដ, ម៉ូតូ និងបន្ដទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លើផ្លូវវិថីផែ ត្រង់ចំណុចកែងរ៉ា P4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ ម្នាក់និងរបួស៤នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្ដបែនដឹកថ្មី បើកបរក្នុងទិសពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើដាច់ហ្រ្វាំង ជ្រុលចូលទៅបុករថយន្តចំនួន០២គ្រឿង, ម៉ូតូ០៣គ្រឿង និងផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរបានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួសមនុស្សចំនួន០៤នាក់ ក្នុងនោះស្រី០២នាក់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ ។ ចំណែកអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់។
ស្ត្រីរងគ្រោះឈ្មោះ ម៉ម ស្រីណូអាយុ២៣ឆ្នាំ មានមុខរបជាបុគ្គលិកកាសុីណូ និងជាបង្គោលក្នុងគ្រួសារដែលទទួលចិញ្ចឹមម្តាយមេម៉ាយ និងចិញ្ចឹមក្មេងកំព្រា២នាក់ទៀត(ម្នាក់ពិការ)នៅក្នុងបន្ទុក។ គ្រួសារស្តីរងគ្រោះរស់នៅផ្ទះជួលជិតកន្លែងកើតហេតុ និងថាការបាត់បង់ស្ត្រីរងគ្រោះម្នាក់នេះបានធ្វើអោយក្រុមគ្រួសារក្នុងបន្ទុកជួបបញ្ហាផ្នែកជីវភាព៕