សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពង្រឹងសកម្មភាពយុវជន មូលដ្ឋាន ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី
ស្ទឹងត្រែង, រតនគិរី៖ ថ្នាក់ដឹកនាំមកព័ន្ធយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) ដឹកដោយលោក ណាសៀត អូស្មាន ជាប្រធាន អមដំណើរដោយលោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង ជាអនុប្រធាន ស.យ.ម.ក ព្រមទាំងសមាជិក សមាជិកាថ្នាក់កណ្តាល រសៀលថ្ងៃសៅរ៏៥កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញដំណើរឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង និងរតនៈគិរី ដើម្បីចុះជួបសំណេះសំណាល ពង្រឹងភារកិច្ច និងសកម្មភាព ស.យ.ម.ក មូលដ្ឋាន នៅក្នុងខេត្តទាំងពីរនេះ ខណៈខេត្តមណ្ឌលគិរី នឹងត្រូវអញ្ជើញជួបពង្រឹងនាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយក៏គ្រោងនឹងធ្វើនៅតាមបណ្តាខេត្ត ក្រុង ផ្សេងៗទៀត ទូទាំងប្រទេស, នេះបើយោងតាមសេចក្តីរាយការណ៍ពីអគ្គលេខាធិការដ្ឋាន សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។
ក្នុងជំនួបជាមួយប្រធាន និងសមាជិក សមាជិកា ខេត្ត ស្រុក លោកប្រធាន ស.យ.ម.ក បានកោតសរសើរដល់សម្ព័ន្ធយុវជនមុស្លីមនៅមូលដ្ឋាន ដែល ជានិច្ចកាលបានស្រុះដៃគ្នា ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងសហគមន៍របស់ខ្លួន។ លោកក៏បានជម្រុញ អោយប្រធានយុវជន ខេត្ត ក្រុង ស្រុក និង សមាជិក សមាជិកា ត្រូវបន្តសកម្មភាព និងបង្កើនកិច្ចការងារសង្គម និងមនុស្សធម៌ដើម្បីអភិវឌ្ឍន៍សហគមន៍របស់យើង ហើយត្រូវដាក់ចិត្តដាក់កាយដើម្បីបម្រើបុព្វហេតុសហគមន៍និងសង្គមយើង ព្រោះយុវជនជាសសរទ្រូងដ៏មានសារសំខាន់សម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ លោកប្រធានក៏បានក្រើនរំលឹក ដល់យុវជនថ្នាក់មូលដ្ឋាន ត្រូវព្យាយាមផ្តល់កិច្ចសហការល្អប្រសើរជាមួយអជ្ញាធរមូលដ្ឋាន ត្រូវដាក់ខ្លួន រីករាយក្នុងការចូលរួមសហការរាល់សកម្មភាពជាប្រយោជន៍ដល់សង្គម ហើយក៏ត្រូវពង្រឹងកិច្ចសហការទំនាក់ទំនងជាប្រចាំជាមួយថ្នាក់កណ្តាល ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់សម្រាប់ការអនុវត្តប្រកបដោយចីរភាពផងដែរ។
លោកប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក៏បានផ្តល់ជូនឯកសណ្ឋាន ស.យ.ម.ក និងថវិកាមួយចំនួនដល់ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីពន្លឿនកិច្ចការមូលដ្ឋានជាច្រើន ចាំបាច់នានា ផងដែរ ៕
ដោយ៖ សំរិត