កងទ័ពវេណេស៊ុយអេឡា នឹងបំពាក់អាវុធទំនើបៗ បន្ថែមទៀត
នៅក្នុងអំឡុងនៃការធ្វើសមយុទ្ធយោធាធំបំផុត នៅក្នុងប្រទេសវេណេស៊ុអេឡាលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើការវិនិយោគលើសព្វាវុធថ្មីៗ ដើម្បីបំពាក់ឲ្យកងកម្លាំងយោធា ស្ថិតក្នុងការពារប្រទេសជាតិពីការគំរាមកំហែងនានា។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បានលើកឡើងចំពោះមុខការធ្វើសមយុទ្ធយោធា នាថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ (ពេលវេលានៅអាមេរិកខាងត្បូង) យ៉ាងដូច្នេះថា «យើងនឹងធ្វើការវិនិយោគ ដូច្នេះនាយទាហាន កងកម្លាំងយោធា និងក្រុមអ្នកប្រយុទ្ធ នឹងទទួលបានអាវុធដែលមានអានុភាព វេណេស៊ុយអេឡានឹងមានអ្វីៗគ្រប់យ៉ាង នោះគឺអាវុធបំពាក់គ្រប់ដៃចាប់ពីកាំភ្លើង រហូតដល់គ្រាប់មីស៊ីលដ៏មានអានុភាព ព្រោះតែវេណេស៊ុយអេឡាចង់បានសន្តិភាព.។
លោក ម៉ាឌូរ៉ូ ក៏បានសង្កត់ធ្ងន់ផងដែរថា កងទ័ពវេណេស៊ុយអេឡាទាំងអស់ ស្ម័គ្រចិត្តស្លាប់ដើម្បីការពារប្រទេសជាតិ ប៉ុន្តែប្រជាជនទាំងអស់ក៏ជាកម្លាំងគោលចម្បងផងដែរ ដែលត្រូវងើបឡើងដើម្បីការពារប្រទេសកំណើតរបស់ពួកគេ។ ដោយឡែកការធ្វើសមយុទ្ធយោធាធំសម្បើមលើកនេះ គឺស្ថិតនៅក្នុងន័យបង្ហាញសាច់ដុំចំពោះមុខសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចោទថា កំពុងមានចេតនាមិនល្អចង់ទម្លាក់លោកចេញពីតំណែង តាមរយៈការគាំទ្រក្រុមប្រឆាំង៕