៤ចំណុចសំខាន់ ដែលកងកម្លាំង អន្តរាគមន៍ពិសេសខេត្តកំពង់ចាម ត្រូវអនុវត្ត គឺកិច្ចការពារផលប្រយោជន៍ ប្រជាពលរដ្ឋ និងដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់
ខេត្តកំពង់ចាម៖ គណៈអភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់កងកម្លាំងអន្តរាគមន៍ ពិសេសនៃស្នងការដ្ឋាននគរបាលជាតិកំពង់ចាម មានការងារ៤ចំណុចសំខាន់ ដែលត្រូវអនុវត្ត នោះគឺ កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជសពលរដ្ឋ និងដាច់ខាតការពារឲ្យបាននូវ រាជរដ្ឋាភិបាលស្របច្បាប់។
ការបញ្ជាក់បែបនេះ របស់លោកគួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំង អន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានសិក្ខាកាមចំនួន៤២០នាក់ ក្រោយពីបានធ្វើវឹកហាត់នូវជំនាញ អន្តរាគមន៍ពិសេស សម្រាប់ត្រៀមធានាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការបោះឆ្នោត ខាងមុខនេះ។
លោក គួច ចំរើន បានបន្តថា កងកម្លាំង អន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺមានភារកិច្ច ការពារសុខសន្តិភាព សុវត្ថិភាព គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងការឃោសនា របស់បក្សនយោបាយនីមួយៗ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងនូវ ចំណុចសំខាន់ៗចំនួន៤ ដើម្បីឲ្យកងកម្លាំងអន្តរាគមន៍ពិសេស អនុវត្តន៍ដែល ក្នុងនោះរួមមាន៖
ទី១៖ យើងជាកងកម្លាំង ត្រូវមានភារកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ តាមជំនាញរៀងៗគ្នាក្នុងភារកិច្ចដ៏ចាំបាច់ ដែលត្រូវធ្វើការយកចិត្តទុក ការពារសុខសន្តិភាព ការទប់ស្កាត់បទល្មើស ការពារគ្រោះថ្នាក់ចរាចរ ឲ្យកាន់តែល្អប្រសើរឡើង។
ទី២៖ កងកម្លាំងមានបេសកកម្ម ក្នុងការការពារនៃយុទ្ធនាការ ឃោសនាបោះឆ្នោតស្វែងរកសំឡេងបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា មិនត្រឹមតែពលរដ្ឋ អ្នកតំណាង គណបក្សនយោបាយនីមួយៗ គ្រប់គ្នាអាចបន្តសកម្មភាពដោយស្មើភាពគ្នា។
ទី៣៖ យើងជាកងកម្លាំងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ គ្រប់រូបត្រូវតែចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងជំរុញផ្សព្វផ្សាយ ដល់ក្រុមគ្រួសារឲ្យធ្វើការចូលរួមបោះឆ្នោត ព្រោះជាភារកិច្ចរបស់ពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ប្រទេសជាតិឲ្យមានការរីកចម្រើន សន្តិភាព សុវត្ថិភាព ស្ថេរភាព តាមបែបលទ្ធិប្រជាធិបតេយ្យ។
ទី៤៖ កងកម្លាំងរបស់យើងត្រូវពង្រឹងសមត្ថភាព ការហ្វឹកហាត់ ការ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ឲ្យខានតែបាន ព្រោះនេះគឺជាភារកិច្ចរបស់ដែនសមត្ថកិច្ច របស់កងកម្លាំងយើងទាំងអស់គ្នា ក្នុងការអនុវត្តបានល្អប្រសើរឡើង។ ហើយកងកម្លាំងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ តាមគោលដៅរបស់រាជរដ្ឋាភិបាល ដោយត្រូវការពារមិនឲ្យមានការយាយី ពីក្រុមណាមួយក្នុងសកម្មភាពបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកគួច ចំរើន បានកោតសសើរ ដល់គ្រប់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានការពារសុវត្ថិភាព ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ការពារសុខសន្តិភាព និងចូលរួមលើបញ្ហាគ្រឿងញៀន បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរផងដែរ ។ ក្នុងកម្មវិធីនោះដែរ លោកអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១០លានរៀល និងបានចែកជូនថវិកា ដល់សិក្ខាកាមចំនួន៤២០នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ ៕