ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមជម្រុញអោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តអនុវត្តការងារ៩ចំណុច ដើម្បីសម្រួលការលំបាកនិងនៅកៀកកិតជាមួយប្រជាពលរដ្ឋ

103

កំពង់ចាម ៖ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើនបាន ជម្រុញអោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តអនុវត្តការងារ៩ចំណុច ដើម្បីធ្វើយ៉ាងណាសម្រួលការលំបាកនិងអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលបានប្រតិភូកម្មការងារជាច្រើនទៅអោយថ្នាក់ក្រោយជាតិជាអ្នកអនុវត្ត។

   ការជម្រុញអោយអនុវត្តការងារ៩ចំណុចនេះបានធ្វើឡើងក្នុងឱកាសដែលលោកគួច ចំរើន បានអញ្ជើញ ជា អធិបតី ក្នុង ពិធី បើកអង្គ សន្និបាត បូកសរុប លទ្ធផល ការងារ ឆ្នាំ ២០១៨ និង លើក ទិសដៅ ការងារ ឆ្នាំ ២០១៩ របស់ មន្ទីរ រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី កាលពីព្រឹក ថ្ងៃ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ សាលប្រជុំ ធំ សាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូលរួម ពី អភិបាល រង ខេត្ត លោក លោកស្រី មន្ត្រី ជំនាញ ពាក់ព័ន្ធ ជា ច្រើន រូប ផង ដែរ ។

      លោក គួច ចំរើន ក្នុងឱកាសនោះ បានស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ចំនួន៩ចំណុចរួមមាន៖

ទី១. ត្រូវពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព ផ្នែកបច្ចេកវិទ្យាថ្មីៗជាប្រចាំ លើវិស័យសំណង់ និងសុរិយោដី ដើម្បីឲ្យក្លាយជាធនធានដ៏មានប្រសិទ្ធភាព សំដៅសម្រេចភារកិច្ចជូនថ្នាក់ដឹកនាំ និងប្រជាជន។

ទី២. ពន្លឿនការងារចុះបញ្ជី ផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត។

ទី៣. ខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាជន ឲ្យមានជំនឿ និងចូលរួមក្នុងសកម្មភាពការងារនេះឲ្យបានខ្លាំងក្លា។

ទី៤. ត្រូវខិតខំដោះស្រាយ សម្របសម្រួល បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ឲ្យមានការថយចុះជាអតិបរមា។

ទី៥. ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ឲ្យមានប្រសិទ្ធិភាព ព្រោះជាការងារមួយដែលមន្ទីរ និង ការិយាល័យជំនាញត្រូវអនុវត្តឲ្យបានទន់ភ្លន់ និងម៉ឺងម៉ាត់តាមច្បាប់ លិខិតដ្ឋាននានា ដែលមានស្រាប់។

ទី៦. ត្រូវសហការឲ្យបានជិតស្និទជាមួយសាខាពន្ធដារខេត្ត ដើម្បីប្រមូល ពន្ធប្រថាប់ត្រា ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ទី៧. ពង្រឹងការងារផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ព្រោះការងារនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យសំណង់ និងសុរិយោដី ទូទាំងខេត្ត។

ទី៨. ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងមន្ទីរ ត្រូវលើកកំពស់យុត្តិធម៌ និងសមធម៌ ដោយមិនមាន ការ រើសអើង។

ទី៩. គឺផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះមន្ទីរ ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបាន ស្នាដៃធំៗបន្តទៀត និងសូមប្រកាន់ខ្ជាប់នូវអភិក្រមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងបាវចនាពីរទៀតគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

ជាមួយ គ្នា នោះ លោក អភិបាល ខេត្ត ក៏បាន ស្នើរឲ្យ មានការ ដាក់ បញ្ចូល សេវា ចុះ បញ្ជី ដីធ្លី ក្នុង អង្គភាព ច្រក ចេញ ចូល តែ មួយ ដើម្បី ឲ្យ ប្រជាពលរដ្ឋ កាន់តែមានការ ងាយស្រួល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង